ក្រសួងប្រៃសណីយ៍បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ នៅប្រទេសបារំាង

(បារាំង)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកសេវា​បច្ចេក​វិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៤ នៅ STATION F ក្នុងរដ្ឋធានីប៉ារីស ដែលជាព្រឹត្តិការណ៍អមនៃកិច្ច​ប្រជុំកំពូល​ហ្វ្រង់​កូហ្វូនលើកទី១៩ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំទៅដោយតួអង្គសំខាន់ៗ​នៃប្រទេសនិយាយ​ភាសាបារាំង តំណាងធុរកិច្ចប្រមាណ ១៥០០នាក់ តំណាងរដ្ឋាភិបាលប្រមាណ ១០០នាក់ និងការដាក់តាំងបង្ហាញពិព័រណ៍ពីបណ្ដាប្រទេស ខេត្ត និងសហ​គ្រាសនានា ប្រមាណ១៥០ស្ដង់។ ដោយក្នុងនោះ ធុរកិច្ចថ្មីឌីជីថលទាំង១២ ដែលត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្ពុជា រួមមានធុរកិច្ចថ្មី Tenbox (ដែលជាធុរកិច្ចថ្មីឌីជីថលចូលរួមប្រកួត​ប្រជែងនៅ​ក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ FrancoTech), Sala, PillTech, Morakot Technology, Poscar Digital, ArrowDot, CamMob, BiKay, Confluence, Sourceamax Asia, Quantum-Engineering & Manufacturing, and Immersive Angkor។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចូលរួមក្នុងពិព័រណ៍នវានុវត្តន៍នេះផងដែរ ដើម្បីបង្ហាញនូវថ្នាល និងកម្មវិធី របស់រដ្ឋាភិបាលឌីជីថលកម្ពុជារួមមាន “verify.gov.kh” និង”បាគង”។

នៅក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ អធិបតេយ្យភាពសេដ្ឋកិច្ចនិងវប្បធម៌” និងឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាអប់រំ និងធនធានមនុស្ស៖ តម្លៃបន្ថែមនៃភាពជាដៃគូរដ្ឋនិងឯកជនសម្រាប់ការ​ឆ្លើយតបជាសកលលើការអប់រំតាមរយៈបច្ចេកវិទ្យាឌីជីថលនិងឈានទៅរកឌីជីថលនៅក្នុងសហគមនិយាយភាសាបារាំង” និង ឯកឧត្តម យឹម លាត ទេសាភិបាល​រងធនាគារជាតិនៃកម្ពុជា បានចូលរួមធ្វើជាវាគ្មិន​ក្នុងវេទិកាពិភាក្សាលើប្រធានបទ “និរន្តភាពហិរញ្ញវត្ថុ៖ យុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍របស់តួអង្គសេដ្ឋកិច្ចហ្រ្វង់កូហ្វូន”។

គូសបញ្ជាក់ផងដែរ​ថា ពិព័រណ៍នវានុវត្តន៍ FRANCOTECH ដែលជាព្រឹត្តិការណ៍​សេដ្ឋកិច្ចដ៏ធំមួយ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពល​នៃប្រព័ន្ធ​អេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ ដោយផ្ដោតលើប្រធាន​បទសំខាន់ៗចំនួន៥ តាមរយៈវេទិកានៃកិច្ចពិភាក្សា, សិក្ខាសាលា, ជំនួបធុរកិច្ច​ជាមួយធុរកិច្ច និងការតាំងបង្ហាញពិព័រណ៍៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត,​ការផ្លាស់ប្តូរថាមពល, មូលធនមនុស្ស, ឡូជីស្ទីក និងសន្តិសុខស្បៀង និង ហិរញ្ញប្បទាននវានុវត្តន៍។ ធុរកិច្ចថ្មីឌីជីថលរបស់យើង បានបង្ហាញនូវសក្តានុពលរបស់យុវជនវ័យក្មេងនិងការអប់រំ ផ្សារភ្ជាប់ទៅនឹងសហគមន៍ប្រទេសនិយាយភាសាបារាំង ។ បន្ថែមពីនេះ គណៈប្រតិភូក៏បានរៀបចំនូវសិក្ខាសាលាពិសេសផ្តោតលើ “ការវិនិយោគនៅកម្ពុជា” ដែលផ្តល់ព័ត៌មានបន្ថែមពីក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគ និងជាទីតាំងយុទ្ធសាស្រ្តចូលទៅកាន់ទីផ្សារកំពុងរីកលូតលាស់របស់អាស៊ាន៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner