សម្តេចតេជោ ហ៊ុន សែន ប្រកាសរៀបចំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅវត្តខ្មែរកម្ពុជាក្រោម នៅខែវិច្ឆិកាខាងមុខ

(ភ្នំពេញ)៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្ដេច និងក្រុមគ្រួសារ មូលមតិឯកភាពគ្នារៀបចំដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ ការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោមនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ និងក្រុមគ្រួសារបានខកខានធ្វើជាច្រើនឆ្នាំកន្លងទៅ ដោយសារជួបរឿងអកុសលដោយឪពុក និងម្តាយក្មេករបស់សម្តេច បានទទួលមរណភាព ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងលើបណ្ដាញសង្គមថា អង្គកឋិនទាននេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី០៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្តេចតេជោ និងភរិយា ចូលរួមដោយផ្ទាល់ ។ ការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោមនេះ បើតាមសម្តេចប្រធានព្រឹទ្ធសភា បានឱ្យដឹងថា ភរិយាខ្ញុំ បានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ប៉ុន្តែជាអកុសលឪពុកខ្ញុំទទួលមរណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារខ្ញុំសម្រេចផ្អាកការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើងគឺម្តាយក្មេកខ្ញុំមានជំងឺ និងមរណភាព នៅឆ្នាំ២០២០ យើងសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត ។

សម្ដេចបន្ដថា ឆ្នាំនេះ ភរិយាខ្ញុំ បានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយមានភរិយាខ្ញុំ រួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់ ។ សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចនៅឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយអាចចូលរួមបានទាំងអស់គ្នា។ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេសព្រោះជាកឋិនឆ្លងដែនប្រទេស ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner