ព្រះមហាក្សត្រ យាងនិវត្តន៍ដល់មាតុប្រទេសកម្ពុជា បន្ទាប់ពីយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិវត្តន៍ដល់មាតុប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីស្ដេចយាង ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រកបដោយលទ្ធផលដោយព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់ ។

អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណា ព្រះមហាក្សត្រ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត ។ ដោយឡែក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក៏មានវត្ត មានក្នុងឱកាសនោះផងដែរ ។

សូមជម្រាបថា ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតីបារាំង ក៏មានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជា ជាប្រទេសដែលមានវប្បធម៌ ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។

ការប្រកាសផ្លូវការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ សម្ដេចយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំ នៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត ។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសរសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានយាងថ្លែងព្រះរាជសុន្ទរកថា ដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។ ព្រះអង្គ មានព្រះរាជកិត្តិយស ទទួលឱ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ។

ព្រះអង្គ ក៏មានព្រះរាជបន្ទូលគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ ។

គួររំលឹកថា អង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា៖ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ, លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធា នាធិបតី ទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម ។

អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស ។

ប្រទេសកម្ពុជា បានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី ។

អង្គការ OIF មានបេសកកម្មចម្បងៗចំនួន ៤រួមមាន៖ លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។ លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

បច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំង ត្រូវបានវាយតម្លៃថា មានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥ ហើយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវធ្វើឡើងជារៀងរាល់ ២ឆ្នាំម្ដង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner