រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យជួបបញ្ហាទឹកលិចដោយសារទឹកភ្លៀង
(ភ្នំពេញ)៖ នៅពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មកដល់នៅថ្ងៃស្អែកទី០៨ ខែ តុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា បានចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យដែលជួបនូវបញ្ហាទឹកលិចដោយសារទឹកភ្លៀង។
យោងតាមក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថានៅតាមមណ្ឌលប្រឡងដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមានវិទ្យាល័យដូចជា៖
- វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន១០០%)
- វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី (បានដោះស្រាយចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ និង ក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%)
- សាលាបឋមសិក្សាភ្នំពេញថ្មី (រដ្ឋបាលរាជធានីភ្នំពេញបានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច១០០%)
- វិទ្យាល័យឫស្សីកែវ (ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ពីរដ្ឋបាលខណ្ឌឫស្សីកែវបានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង)។
ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថាសម្រាប់មណ្ឌលប្រឡងដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងត្រូវបាន គណៈកម្មការរៀបចំការប្រឡងអាចធ្វើការគ្រប់គ្រងស្ថានការណ៍ និងដំណើរការការប្រឡងដោយភាពប្រក្រតីនាថ្ងៃស្អែកនេះផងដែរ។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
បើតាមក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់) ។មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ៕
ដោយ ៖ ម៉ាដេប៉ូ