ឯកឧត្តម ហ៊ុន ម៉ានី ណែនាំនាយកដ្ឋានផែនការ និងគោលនយោបាយ សហការ ជាមួយនាយកដ្ឋានជំនាញ ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការ អនុវត្ត គម្រោង ផែនការរបស់ខ្លួន
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាន អនុញ្ញាតឱ្យក្រុមការងារនៃនាយកដ្ឋានផែនការ និងគោលនយោបាយ ដឹកនាំដោយឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធាននាយកដ្ឋាន ព្រមទាំងសហការីចូលជួបសម្តែងការគួរសម លើកដំបូង នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីរាយការណ៍ជូនអំពី ផែនការការងាររបស់នាយកដ្ឋាន និងទទួលអនុសាសន៍ ដឹកនាំបន្ថែមពីឯកឧត្តមប្រធាន ។
ក្នុងជំនួបនេះ ឯកឧត្តម ឃុត ចាន់ដារ៉ា បានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តមប្រធាននូវផែនការការងាររបស់នាយករដ្ឋាន ព្រមទាំងលើកយកចក្ខុវិស័យសម្រាប់ការដឹកនាំឆ្ពោះទៅមុខក្នុងគោលដៅសម្រេចបានចក្ខុវិស័យស.ស.យ.ក.២០២៣-២០២៨ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដល់ក្រុមការងារនាយកដ្ឋានដែលបានរៀបចំផែនការការងារសម្រាប់នាយកដ្ឋាន ដែលទើបតែទទួលបានការតែងតាំងថ្មីៗ បានយ៉ាងល្អប្រសើរ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ ដល់នាយកដ្ឋាន ក្នុងការកំណត់សកម្មភាពការងារ ស្របទៅតាមបរិបទនៃទំនោររបស់យុវជន និងគួរធ្វើការសហការជាមួយនាយកដ្ឋានជំនាញ និងអង្គភាពចំណុះរបស់ស.ស.យ.ក. ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោងផែនការរបស់ខ្លួន។
គួរបញ្ជាក់ដែរថា នាយកដ្ឋានផែនការ និងគោលនយោបាយ គឺជានាយកដ្ឋានថ្មីមួយក្នុងចំណោមនាយកដ្ឋានទាំង១២ របស់ ស.ស.យ.ក. ដោយនាយកដ្ឋាននេះ ត្រូវបានបង្កើតឡើង ក្នុងដៅពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការពង្រឹង សមត្ថភាពយុវជនជាបន្តបន្ទាប់ ដើម្បីបន្តបេសកកម្មរបស់ ស.ស.យ.ក.ប្រកបដោយនិរន្តរភាព ៕
ដោយ ៖ វណ្ណលុក