បេក្ខជន និងអាណាព្យាបាលសិស្សរំភើបភ័យអរ ខណៈការប្រឡងបាក់ឌុបមកដល់

កំពត៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖៨តុលា ឬបាក់ឌុបឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅ២ថ្ងៃគឺ​នៅថ្ងៃ​អង្គារទី៨ ខែតុលា និងថ្ងៃពុធទី៩ ខែតុលា ឆ្នាំ២០២៤នេះ ។ដោយឡែកនៅថ្ងៃទី៧ ខែតុលា ទូទាំងខេត្តកំពត បេក្ខជន និងអាណា​ព្យាបាលសិស្សអមជាមួយ​កូនៗយ៉ាងច្រើនកុះករ មកពិនិត្យមើលឈ្មោះ លេខបន្ទប់ លេខតុ នៅតាមមណ្ឌលសំណេរ​ប្រឡង​ទាំង១០​ក្នុងខេត្ត។ក្មួយៗជាសិស្សានុសិស្សបានបង្ហាញអារម្មណ៍រំភើបភ័យអរ តែប្រកបដោយភាពជឿជាក់ ថានឹងធ្វើឱ្យបានល្អបំផុតសម្រាប់​ការ​ប្រឡងនៅថ្ងៃស្អែក។

ក្នុងពេលពិនិត្យមើលឈ្មោះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង បានបញ្ជាក់ថា ពួកគេនឹងបញ្ចេញឱ្យអស់នូវសមត្ថភាព ដែលបានខិតខំរៀនសូត្រកន្លងមកឱ្យអស់ ដើម្បីទទួល​បានលទ្ធផលល្អតាមការរំពឹងទុក។ ជាងនេះទៅទៀត ពួកគេក៏បានបង្ហាញការពេញចិត្តចំពោះការរៀបចំការប្រឡងបាក់ឌុបបច្ចុប្បន្ន ថាសុក្រឹត យុត្តិធម៌ បេក្ខជនពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯងទាំងស្រុង ពោលគឺ “អ្នកចេះ គឺជាប់” ។

ចំណែកអាណាព្យាបាលរបស់បេក្ខជនមកពីស្រុកឈូកបាននិយាយថា គាត់សប្បាយចិត្ត ក្នុងការជូនកូនមកមើលឈ្មោះ សម្រាប់​ប្រឡង​នៅថ្ងៃស្អែក។ គាត់ជឿជាក់លើសមត្ថភាពរបស់កូន និងព្យាយាមជួយឱ្យកូនបានសិក្សាខ្ពង់ខ្ពស់ មានការងារធ្វើល្អ ទៅថ្ងៃ​អនាគត ។
ប្រធានស្តីទីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានគូសរំលេចថា គ្រប់មណ្ឌលប្រឡងបាន​ត្រៀមរៀបចំ​រួចរាល់​អស់ហើយ ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្ភារៈបម្រើឲ្យការប្រឡង និងការត្រួតពិនិត្យផ្សេងៗ ដើម្បីធានាថា ការប្រឡង​ប្រព្រឹត្តិទៅដោយរលូន មានតម្លាភាព សុក្រឹត យុត្តិធម៌។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៨ តុលា ២០២៤ខេត្តកំពតមានមណ្ឌលប្រឡងសរុប ១០មណ្ឌល(ក្រុងកំពត ៤, ស្រុកទឹកឈូ៣ និងស្រុកអង្គរជ័យ៣), មាន២១០បន្ទប់ មានបេក្ខជនសរុប៥ ១៩៤នាក់ (ស្រី ២ ៨២១នាក់) ក្នុងនោះបេក្ខជនស្វៃរិន ៣៥០នាក់ (ស្រី១៦១នាក់)។ការប្រឡងបែងចែកជាថ្នាក់វិទ្យាសាស្ត្រ៖ មាន៣មណ្ឌល ៥៤បន្ទប់ បេក្ខជនចំនួន១ ៣២៩នាក់ (ស្រី ៨២៥នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម៖ មាន០៧មណ្ឌល ១៥៦បន្ទប់ បេក្ខជនចំនួន ៣ ៩៣១នាក់ (ស្រី ២ ០១២ នាក់)៕
ដោយ៖សិលា សារិន

ads banner