បេក្ខជនប្រឡងបាក់ឌុប ត្រូវត្រៀមខ្លួនអ្វីខ្លះ សម្រាប់ការប្រឡងនៅថ្ងៃស្អែក
(ភ្នំពេញ)៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានមកដល់នៅថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២៤។ តើបេក្ខជនត្រូវត្រៀមខ្លួនអ្វីខ្លះសម្រាប់ការប្រឡងដែលនឹងឈានមកដល់ថ្ងៃស្អែកនេះ។
បើតាមក្រសួងអប់រំយុវជន និងកីឡាបានធ្វើការណែនាំដោយឱ្យយុវជនត្រៀមខ្លួននូវចំណុចសំខាន់ៗមួយចំនួនដូចជាៈ៖ ពិនិត្យមណ្ឌលប្រឡង បន្ទប់ប្រឡង និងលេខតុ,រៀបចំសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ, រៀបចំសម្ភារសិក្សាសម្រាប់ការប្រឡង,រៀបចំកាតសម្គាល់ខ្លួនរបស់បេក្ខជនប្រឡង ,ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់និងបរិភោគអាហារដែលមានជីវជាតិ, ស្វែងយល់ និងគោរពបទប្បញ្ញតិ្តនៃការប្រឡងឱ្យបានខ្ជាប់ខ្ចួន។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
បើតាមក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់) ។មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់៕
ដោយ៖ម៉ាដេប៉ូ