អ្នកដំណើរនៅវៀតណាមជិះយន្តហោះលាក់ដុំមាសក្នុងស្បែកជើង

បរទេស៖ កាសែតវៀតណាមបានចេញផ្សាយថា អ្នកដំណើរម្នាក់ធ្វើដំណើរពីទីក្រុងហុងកុង បានលាក់មាស ទម្ងន់៣គីឡូក្រាម ក្នុងស្បែកជើង និងខាងក្នុងសម្លៀកបំពាក់ ហើយត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃាត់ខ្លួន នៅឯចំណតអាកាសយានដ្ឋាន Noi Bai ស្ថិតក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗនេះ។

កាសែត VNexpress បានបញ្ជាក់ទៀតថា
អ្នកដំណើររូបនេះ បានជិះយន្តហោះ ទៅដល់ប្រទេសវៀតណាម តាមជើងហោះហើររបស់ក្រុមហ៊ុន Hong Kong Express នៅវេលាម៉ោងប្រហែល ៩ ព្រឹកថ្ងៃសុក្រ សប្តាហ៍មុន។ អាជ្ញាធរគយានប្រើឧបករណ៍រាវរកលោហៈ បានរកឃើញភាពមិនប្រក្រតី ហើយបានអញ្ជើញអ្នកដំណើររូបនេះ ចូលទៅក្នុងបន្ទប់ត្រួតពិនិត្យ ក៏ស្រាប់តែរូបគេបានទាញយកមាស ៣ដុំ ទម្ងន់សរុប៣គីឡូក្រាម ពីកន្លែងឯកជនលើដងខ្លួន និងបាតស្បែកជើងរបស់គេ ចេញមកក្រៅ។

បុរសរូបនេះបានអះអាងថា ដុំមាសទាំងនេះជាមាសសុទ្ធ ដែលមានតម្លៃប្រមាណ ២៤២,៤០០ ដុល្លារអាមេរិក។ ករណីនេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប៉ូលិសក្រុងហាណូយ ដើម្បីធ្វើការស៊ើបអង្កេត បន្ថែមទៀត។ យោងតាមបទប្បញ្ញត្តិរបស់វៀតណាម បុគ្គលដែលចូលមកប្រទេសវៀតណាម ពីក្រៅប្រទេស ត្រូវតែបំពេញការប្រកាសគយ ប្រសិនបើពួកគេនាំយកមាស លើសពី ៣០០ ក្រាម តាមខ្លួន។ ប៉ុន្តែ មានតែអ្នកដែលមកតាំងទីលំនៅ ក្នុងប្រទេសវៀតណាម ទើបអាចនាំមាសដុំបាន នេះបើតាម VNexpress ដដែល។

យ៉ាងណាមិញ ពុំមានការបញ្ជាក់ពីអត្តសញ្ញាណច្បាស់ បន្ថែមអំពីបុរសរូបនេះទេ។ បើតាមកាសែត Vietnamnet វិញ បានចុះផ្សាយថា មន្ត្រីគយអាកាសយានដ្ឋានអន្តរជាតិ Noi Bai បាននិយាយថា ដោយមើលឃើញពីទីផ្សារមាសប្រែប្រួល អាជ្ញាធរគយបានពង្រឹងកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ ជាពិសេស សម្រាប់អ្នកដំណើរដែលមានហានិភ័យខ្ពស់ ដូចជា អ្នកធ្វើដំណើរញឹកញាប់ ជាមួយអីវ៉ាន់តិចតួច។ ព្រោះតម្លៃមាសនៅវៀតណាមខ្ពស់ជាងតម្លៃមាសពិភពលោក អ្នករត់ពន្ធបានព្យាយាមគ្រប់មធ្យោបាយ ទាំងផ្លូវអាកាស និងផ្លូវ ដើម្បីនាំយកមាសឆ្លងកាត់ព្រំដែនទៅវៀតណាម ដើម្បីលក់៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner