ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុបចាប់ផ្តើម មានបេក្ខជនសរុបជាង១៣ម៉ឺននាក់
ភ្នំពេញ៖ ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយនាព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់ ។
គួរបញ្ជាក់ថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់) ។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់ ។
ការប្រឡងនៅថ្ងៃទី០៨ ខែសីហានេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។
នៅថ្ងៃទី០៩ ខែតុលា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមាន មុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕
ដោយ / គ្រី សម្បត្តិ