ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ បានបើកប្រធានវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ, និង ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុង​ពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡង សម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាម​មណ្ឌល​ប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យ​ដោយអង្គភាព​ប្រឆាំង​អំពើពុក​រលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាព​បិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣ម៉ឺន ៧ពាន់ ៤០នាក់ (ស្រី ៧ម៉ឺន៤ពាន់៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់​វិទ្យាសាស្ត្រ មានចំនួន ៣ម៉ឺន៩ពាន់៣៥៨នាក់ (ស្រី ២ម៉ឺន៣ពាន់៧១៥នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩ម៉ឺន៧ពាន់៦៨២នាក់ (ស្រី ៥ម៉ឺន១ពាន់​១៦៧នាក់) ។ មណ្ឌលសំណេរមានចំនួនសរុប ២៣០មណ្ឌល ត្រូវជា ៥ពាន់​៥៣៣បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ពាន់​៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧មណ្ឌល ត្រូវជា ៣ពាន់​៩៣១បន្ទប់ ។

ការប្រឡងនៅថ្ងៃទី០៨ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា ។ វិញ្ញាសាប្រឡង ត្រូវបាន​កំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុង​ថ្នាក់​នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសា​ចម្លង​ដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លិមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner