បេក្ខជនប្រឡងបាក់ឌុបមកពីគ្រួសារមានការលំបាក ថ្លែងអំណរគុណចំពោះការផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារ

កំពត៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើមសម័យប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ តាមកាលបរិច្ឆេទកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា​។ក្នុងឱកាសដ៏សំខាន់របស់សិស្សដែលខិ​ត​ខំសិក្សា​ពេញ១២​ឆ្នាំ​​ បេក្ខជនប្រឡងបាក់ឌុបមកពីគ្រួសារមានការលំបាកក្នុងខេត្តកំពត ត្រូវបានរដ្ឋបាលខេត្ត ក្រុង ស្រុក ក្រុមការងារសហភាព​សហព័ន្ធ​យុវជនកម្ពុជា​ ជួយផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារសម្រាប់ការប្រឡងរយៈពេល២ថ្ងៃ។

មុនចូលទៅកាន់បន្ទប់ប្រឡង បេក្ខជនប្រឡងបាក់ឌុបមកពីគ្រួសារក្រីក្រ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បាននិយាយថា ក្តីកង្វល់របស់ពួកគេមានតែមួយគត់ គឺធ្វើយ៉ាងណាយកនិទ្ទេសអេ ឱ្យបាន។  ចំណែកការព្រួយបារម្ភរឿងម្ហូបអាហារ និងកន្លែង​ស្នាក់​នៅនោះមិនមានទៀតទេដោយសារក្រុមការងារ ស.ស.យ.ក អាជ្ញាធរស្រុក ខេត្ត បានជួយឧបត្ថម្ភដល់ពួកគេ។ នេះការលើកចិត្ត សម្រាប់សិស្សក្រីក្រឱ្យផ្តោតទៅលើតែការប្រឡងតែមួយមុខ។ 

ជូនដំណើរកូនមកប្រឡង អាណាព្យាបាលសិស្សមកពីគ្រួសារមានការលំបាកបានថ្លែងអំណរគុណដល់ រដ្ឋបាលគ្រប់ជាន់ថ្នាក់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ពិសេសរាជរដ្ឋាភិបាលដែលបង្កឱកាសងាយស្រួលដល់កូនៗរបស់ពួកគាត់ ក្នុងការប្រឡងបាក់ឌុប។ ពួកគាត់និងកូនៗ ដែលបានមកស្នាក់នៅមួយគ្នាជាង១០បន្ទប់នេះ ពិតជាសប្បាយចិត្ត ហើយរំពឹងថា​លទ្ធផលប្រឡងរបស់កូនៗទាំងអស់នឹងល្អប្រសើរ។

ក្នុងអំឡុងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖៨តុលា ឆ្នាំនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បានណែនាំដល់អាជ្ញាធរក្រុង ស្រុកទាំង៣ ដែលមានមណ្ឌលប្រឡង (ស្រុកទឹកឈូ អង្គរជ័យ និងក្រុងកំពត) ត្រូវយកចិត្តទុកដាក់ ជួយសម្រួល​ដល់បេក្ខជនមកពីក្រួសារក្រីក្រឱ្យអស់ពីលទ្ធភាព ដោយផ្តល់កន្លែងស្នាក់នៅ និងអាហារហូប​ចុកនៅតាមមណ្ឌល​នីមួយៗ។​ឯកឧត្តម និងលោកជំទាវក៏បានផ្តល់អង្ករ និងម្ហូបអាហារមួយចំនួនទៅដល់អាជ្ញាធរក្រុងស្រុក ដើម្បីយកទៅចាត់ចែងចម្អិន ចែកជូនដល់អាណាព្យាបាល និងបេក្ខជនមកពីគ្រួសារក្រីក្រ រាល់ពេលចប់ម៉ោងប្រឡង៕
ដោយ៖ សិលា សារិន

ads banner