ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិខេត្តសៀមរាប ចាប់ផ្តើម​ដោយរលូន

សៀមរាប៖ ដូចជាបណ្ដារាជធានី ខេត្តដទៃដែរ តាមមណ្ឌលប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនានានៅក្នុងខេត្ត​សៀមរាប​បានចាប់ផ្តើមពីម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤​។ឯកឧត្តម ភូ សំអាត សមាជិកក្រុម​ប្រឹក្សាខេត្តអញ្ជើញជា​អធិបតីកាត់វិញ្ញាសាប្រឡងនៅមណ្ឌលសាលាបឋមសិក្សាវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ការបើកវិញ្ញាសាប្រឡង មានវត្តមានចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្រសួង ថ្នាក់ខេត្ត អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ខេត្តសៀមរាបមានបេក្ខជនប្រឡងចំនួន ១១.០៩២នាក់ និងមាន​មណ្ឌលប្រឡងចំនួន១៦មណ្ឌល ស្មើនឹង៤៤៧បន្ទប់។ក្នុងនេះ មានថ្នាក់វិទ្យាសាស្ដ្រមាន៥មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គម ១១មណ្ឌល។

ក្នុងឱកាសអញ្ជើញចូលរួមឯកឧត្ដម ភូ សំអាត បានណែនាំបន្ថែម​ដល់មន្រ្តីមានសមត្ថកិច្ច អាជ្ញាធរដែនដី ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តលើការងារសន្តិសុខ រួមទាំងសណ្តាប់​ធ្នាប់ ឱ្យបានសម្រាប់រយៈពេលពីរថ្ងៃគឺ ថ្ងៃទី៨-៩ ខែ តុលា៕
ដោយ៖ប៊ុន រដ្ឋា

ads banner