ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងលំនៅឋានទំនើប គឺឆ្លើយតបតម្រូវការជាក់ស្ដែងប្រជាជន និងស្របតាមគោលដៅរាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការកសាងលំនៅឋានបែបនេះថាជាការចូលរួមដ៏ត្រឹមត្រូវក្នុងការកសាងលំនៅឋានទំនើបឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជានិងស្របតាមគោលដៅដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន ។ ឯកឧត្តម មានបំណងចង់បានស្ថាបត្យកម្មដូចប៊ូយ៉ុងថោននេះដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយចង់ឃើញប្រជាជនកម្ពុជានាថ្ងៃអនាគតជាប្រជាជនដែលមានវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណី វាងវៃនិងសមត្ថភាពខ្ពស់ ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធជាផ្លូវការប៊ូយ៉ុងថោន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមឆ្លើយតបនឹងទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមហ៊ុនប៊ូយ៉ុងធ្វើយ៉ាងណាពិចារណាលើការកំណត់តម្លៃលំនៅឋានឱ្យបានសមរម្យស្របតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែងរបស់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយជ្រោមជ្រែងធ្វើយ៉ាងណារក្សាដំណើរការឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មគ្រឿងលម្អផ្ទះ ពីព្រោះឧស្សាហកម្មទាំងនេះបានបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជាដែលអាចធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅល្អប្រសើរនិងមានសុភមង្គលក្នុងក្រុមគ្រួសារ ។
សូមជម្រាបជូនថា ប៊ូយ៉ុងថោន ដែលត្រូវបានសម្ពោធជាផ្លូវការនាពេលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អជាយូរឆ្នាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។ ម្យ៉ាងទៀត ប៊ូយ៉ុងថោនក៏បង្ហាញឱ្យឃើញអំពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ ៕
ដោយ / គ្រី សម្បត្តិ