សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឡាវ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ តបតាមការអញ្ជើញ របស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៤ ។
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃ រាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់ នឹងផ្ដោត ទៅលើការជំរុញបន្ថែមទៀត នូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការ សម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ របស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងជំនួប ថ្នាក់ ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាង នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹក នាំអាស៊ាន ជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេស នៃ សហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) លើកទី២ ។
ក្រៅពីកិច្ចប្រជុំខាងលើ សម្ដេចធិបតី ក៏គ្រោងនឹងមានជំនួប ទ្វេភាគី ជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងទទួលជំនួបសម្ដែងការគួរសមដោយអង្គការ និងស្ថាប័នមួយចំនួនផងដែរ ។
ជាមួយនេះ សម្ដេចធិបតី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលធរកិច្ច និងវិនិយោគ ឆ្នាំ២០២៤ អាស៊ានផងដែរ ។
ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា តាមការគ្រោងទុក សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ ព្រះរាជាណាកម្ពុជាវិញ នាល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ៕
អត្ធបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត