ឯកឧត្តម តឹក រ៉េតសំរេច ៖ មន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរដែនដីរាជធានីភ្នំពេញ បានចូលរួមចំណែកក្នុងការកំណែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី និងសំណង់ របស់រាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលបានសហការគ្នានិងសាមគ្គីបានល្អ ក៏ដូចជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងការខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ធ្វើឲ្យការងារជាច្រើនសម្រេចបានលទ្ធផលធំៗគួរឲ្យកត់សម្គាល់ ពិសេសបានចូលរួមចំណែកក្នុងការកំណែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី និងសំណង់ របស់រាជរដ្ឋាភិបាលកម្ពុជា ។
នេះជាការលើកឡើងរបស់ឯកឧត្តម តឹក រ៉េតសំរេច តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធិផលនានា ដែលមន្ទីរសម្រេចបាន មានការរៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងសំណង់ ការគ្រប់គ្រងលំនៅឋាន និងការដោះស្រាយវិវាទដីធ្លី ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងភាពឆ្លើយតប មានឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ។
ឯកឧត្តម តឹក រ៉េតសំរេច មានប្រសាសន៍បន្ថែមថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក្នុងនាមជាសេនាធិការរបស់ក្រសួងបានសម្រេចលទ្ធផលការងារធំៗជាច្រើនមានជាអាទិ៍ ការងារចុះបញ្ជី ដីធ្លី ការ ងារ ដោះស្រាយវិវាទដីធ្លី ការងាររៀបចំដែនដី ការងារនគរូបនីយកម្ម ការងារគ្រប់គ្រងសំណង់ និងការងារលំនៅឋាន និងបានរួមចំណែកក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សូមឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររាជធានីភ្នំពេញ ត្រូវបន្តពង្រឹងស្មារតីសាមគ្គី ឯកភាព និងសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តផែនការការងារ ពិសេសជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ខិតខំសម្រេចឲ្យបានការងាររបស់ខ្លួនក្នុងស្មារតីបន្តជម្រុញការកែទម្រង់ស៊ីជម្រៅស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី គឺ “ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព” នូវសេវាសាធារណៈ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើវិស័យដីធ្លី និងសំណង់ តាមការកំណត់របស់ច្បាប់ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានហ្មត់ចត់ លើការងារដោះស្រាយវិវាទដីធ្លី ការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការងារសំណង់ និងការងារលំនៅឋាន រួមទាំងការងារពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវអនុវត្តសម្រេចឲ្យបានក្នុងឆ្នាំ២០២៥នេះ ៕
ដោយ / គ្រី សម្បត្តិ