សាមណនិស្សិត និងនិស្សិតចំនួន ២០០អង្គ/នាក់ ទទួលបានបាឋកថា ស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតី នៃផ្លូវសូត្រ»
(កំពង់ចាម)៖ ក្រោមកាតគាំទ្រយ៉ាងពេញទំហឹងពី ស្ថានទូតចិន ប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានរៀបចំបាឋកថា ស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតី នៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិត និងនិស្សិតចំនួន ២០០អង្គ/នាក់ នៅពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមឡើងដោយ លោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិន ដែលបានជួយដល់ពិភពលោក ទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ អរិយធម៌សកល បានលើកទឹកចិត្ត ដល់បណ្តាប្រទេសនានា ត្រូវរក្សាចិត្តបើកចំហក្នុងការឱ្យតម្លៃចំពោះការយល់ឃើញ នៃតម្លៃដោយអរិយធម៌ផ្សេងៗគ្នា ហើយបង្ហាញពីចក្ខុវិស័យច្បាស់ លាស់របស់ប្រទេសចិន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
គំនិតផ្តួចផ្តើមអរិយធម៌សកល ជា«ការគោរពចំពោះភាពចម្រុះនៃអរិយធម៌» «តម្លៃរួមរបស់មនុស្សជាតិ» «សារៈសំខាន់នៃមរតកនិងនវានុវត្តភាពនៃអរិយធម៌» និង «ប្រជាជនអន្តរជាតិដ៏រឹងមាំ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន» ដែលជាគន្លឹះនៃ«ការបើកឱកាសថ្មីនៃការផ្លាស់ប្តូរ និងការយោគយល់គ្នារវាងប្រជាជនផ្សេងៗគ្នា និងអន្តរកម្មកាន់តែប្រសើរឡើង និងការរួមបញ្ចូល នៃវប្បធម៌ចម្រុះ»។
ប្រទេសចិនត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាតំណាងនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍនៃអរិយធម៌នានា។
ក្រោយពីបានស្តាប់អង្គបាឋកថានេះ ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសង្ឃដីការថា មោទកភាព និង ការរើសអើង គឺជាឧបសគ្គដ៏ធំបំផុតពីរចំពោះការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌។ ប្រាជ្ញាចិនបាននិងកំពុងលើកទឹកចិត្តដល់ប្រទេសទាំងអស់ចែករំលែកអនាគតរួមគ្នា ដោយប្រកៀកស្មាគ្នាដើរតាមមាគ៌ាប្រកបដោយនិរន្តរភាពឆ្ពោះទៅរកវឌ្ឍនភាពពិភពលោក។ ព្រះសាកលវិទ្យាធិការក៏បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយឈរយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូល។
គួរបញ្ជាក់ផងថា តាមរយៈបាឋកថានេះ អង្គពិធីទាំងមូលមិនត្រឹមយល់កាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកលប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវពុទ្ធិពីសមិទ្ធផលដ៏មហិមារបស់ប្រទេសចិន ក្នុងរយៈពេល ៧៥ឆ្នាំនេះ ជាមួយនិងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣អាណត្តិទី២០ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថែមទៀតផង។
អង្គពិធីទាំងមូលក៏បានឈ្វេងយល់ពីកាលានុវត្តភាពនៃការរីកចម្រើនរបស់ពិភពលោកដែលទទួលបានពីវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាពិសេសរយៈពេល៤៦ឆ្នាំនៃគោលនយោបាយកែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ អង្គពិធីទាំងមូលក៏យល់ស្របគ្នាថា ក្នុងនាមជាមិត្តដែកថែប ប្រទេសយើងទាំងពីរ កម្ពុជានិងចិនក្នុងយុគសម័យថ្មីនេះបាននិងកំពុងសរសេរទំព័រថ្មីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា