ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក្រោមប្រធានបទ “150 ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់ អំណាចដល់ប្រជាជនទូទាំងពិភពលោក
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកនៅឆ្នាំនេះ ប្រព្រឹត្តចំពេលខួបទី១៥០ឆ្នាំ នៃការបង្កើតសហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ “150 ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់ អំណាចដល់ប្រជាជនទូទាំងពិភពលោក ។ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួម ពីអគ្គនាយកដ្ឋានប្រៃសណីយ៍ ថ្នាក់ដឹក មន្ទីរគ្រប់ខេត្ត មន្ត្រីរាជាការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ប្រតិបត្តិករបម្រើសេវាបញ្ញើឆាប់រហ័ស សរុបប្រមាណ ២៥០នាក់។
ឯកឧត្តម ឯក វណ្ណឌី មានប្រសាសន៍ថា ទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៤ ជាខួបលើកទី១៥០ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ នៅទីក្រុងប៊ន ប្រទេសស្វីស។ ឯកសារប្រៃសណីយ៍ដែលគេស្គាល់ដំបូង ត្រូវបានរកឃើញនៅប្រទេសអេហ្ស៊ីបមានអាយុកាលតាំងពីឆ្នាំ 255 មុន គ.ស.។
ឯកឧត្តម បញ្ជាក់បន្តថា ការប្រារព្វទិវានេះ ពិតជាបានឆ្លុះបញ្ចាំង និងបង្ហាញដល់មហាជនឱ្យយល់ដឹងពីសេវាប្រៃសណីយ៍ដើរតួនាទីសំខាន់ និងការផ្តល់ឱកាសជូនប្រតិបត្តិករប្រៃសណីយ៍ក្នុងការដង្ហែរក្បួន ដើម្បីបង្ហាញពីសេវាកម្មរបស់ខ្លួនដែលមាននៅក្នុងប្រទេសកម្ពុជា ការស្វែងរកដៃគូ និងការពង្រីកបណ្តាញ ព្រមទាំងការសហការផ្តល់សេវាបញ្ញើប្រៃសណីយ៍ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម ឯក វណ្ណឌី បន្ថែមថា គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ដែលជាប្រទីបបង្ហាញផ្លូវក្នុងការគ្រប់គ្រង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យកាន់តែទូលំទូលាយ ប្រកដដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និង ការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍។ ជាមួយនឹងការជំរុញការធ្វើការទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ មានប្រសាសន៍ថា រយៈពេល150ឆ្នាំនេះ សហភាពនេះបានប្រមូលផ្តុំប្រទេសនានានៅលើពិភពលោក ដោយមាន ១៩២ប្រទេសជាសមាជិក ដើម្បីសម្រេចក្ខុវិស័យ នៃការបង្កើតដែនដីប្រៃសណីយ៍តែមួយសម្រាប់បម្រើប្រជាជនគ្រប់ទីកន្លែង។ ជាក់ស្តែង កម្ពុជាបានក្លាយជាសមាជិករបស់សហភាពនេះពីឆ្នាំ១៩៥១មក។
សហភាពនេះបានដើរតួនាទីសំខាន់ក្នុងការធ្វើសុខដុមនីយកម្មប្រព័ន្ធប្រៃសណីយ៍ពិភពលោក និងរៀបចំបទបញ្ញត្តិនានា សំដៅធានាការផ្តល់សេវាប្រៃសណីយ៍ ក្នុងតម្លៃសមរម្យ ប្រកបដោយសុវត្ថិភាព គុណភាព និងការជឿទុកចិត្ត សម្រាប់ប្រជាជន និងធុរកិច្ច។ នៅក្នុងយុគសម័យឌីជីល ជាមួយការរីកដុះដាលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សហភាពនេះក៏បានជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការគិតគូរដល់បរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តភាពនៃការផ្តល់សេវាប្រៃសណីយ៍ផងដែរ។
គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក៏ដូចជាខួបលើកទី១៥០ឆ្នាំ នៃការបង្កើតសហភាពប្រៃសណីយ៍សកល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបោះពុម្ពតែមប្រិ៍ប្រៃសណីយ៍អបអរសាទរខួបលើកទី១៥០ និងរៀបចំក្បួនដង្ហែយានយន្តប្រតិបត្តិករបម្រើសេវាប្រៃសណីយ៍ ដោយមានការចូលរួមពីប្រតិបត្តិចំនួន ២៨ក្រុមហ៊ុន មានរថយន្ត ១៨គ្រឿង កង់បី១៨គ្រឿង និងម៉ូតូ១៨គ្រឿង ដង្ហែជុំវិញរាជធានីភ្នំពេញ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា