សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសំណេះ សំណាល ជាមួយមេដឹកនាំអាស៊ាន មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន

(ឡាវ)៖ នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឆ្លៀតជួប ប្រាស្រ័យទាក់ទង និងសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំអាស៊ានប្រកបដោយភាពស្និទ្ធស្នាល នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

មេដឹកនាំដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានជួបប្រាស្រ័យទាក់ទងនោះ មានដូចជា៖ ឯកឧត្តម ថងលូន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងភរិយា, នាយករដ្ឋមន្ត្រី​សិង្ហបុរី, នាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងព្រះមហាក្សត្រព្រុយ​ណេ​ជាដើម ។

កិច្ចប្រជុំកំពូលប្រចាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានប្រព្រឹត្តទៅយ៉ាង​មហោឡារិក ដោយមានការអញ្ជើញជាអធិបតីដោយឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងមានការយាង និងអញ្ជើញចូលរួមពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រ ប្រទេសព្រុយណេ, ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា, ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ឯកឧត្តម ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន, លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ, ឯកឧត្តម Ma’ruf Amin អនុប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូន​តំណាងរបស់ខ្លួន ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល ៣ឆ្នាំ ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ក៏មានការអញ្ជើញចូលរួមពីភរិយារបស់មេដឹកនាំ នៃ បណ្តាប្រទេសសមាជិកអាស៊ានផងដែរ ។

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹង​ការត​ភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀត នូវវឌ្ឍនភាពនៃការកសាង​សហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការ សម្រេចបានចក្ខុវិស័យសហគមន៍អាស៊ាន​ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ របស់អាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅ លើកកម្ពស់​ការត​ភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈម បច្ចុប្បន្ន និងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព ។

បន្ទាប់ពីពិធីបើកជាផ្លូវការបានប្រព្រឹត្តរួចរាល់ហើយនោះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ក៏បានចាប់ផ្តើមជាបន្តបន្ទាប់ ទៅតាមរបៀវារៈ ដែលបានរៀបចំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner