បេក្ខជនប្រឡងបាក់ឌុបម្នាក់ក្តៅខ្លួនសន្លប់តែក្រោយការសង្រ្គោះពីក្រុមគ្រូពេទ្យដឹងខ្លួនឡើងវិញគណៈមេប្រយោគឱ្យប្រឡងបន្ត
(ភ្នំពេញ)៖ក្នុងដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នារសៀលថ្ងៃទី២ដែលជាថ្ងៃបញ្ចប់នៃការប្រឡងនេះយុវជនម្នាក់ដោយសារសភាពក្តៅខ្លួនខ្លាំងបានសន្លប់បាត់បង់ស្មារតី ហើយត្រូវបានម្តាយដឹកមកកាន់មណ្ឌលប្រឡង និងក្រោយការ ជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ បេក្ខជនបានមានស្មារតីឡើងវិញ។

តាមរយៈទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាយុវជនដែលជួបបញ្ហាសុខភាពនេះមានឈ្មោះញ៊ាំ សៅលី ភេទប្រុស លេខតុ ៥៨១ លេខបន្ទប់ ២៤នៅខេត្តកំពត។

ប្រភពខាងលើដដែលនេះបានឱ្យដឹងថា៖ក្រោយការដឹងខ្លួន និងបន្ទាប់ពីពិភាក្សាប្រធានគណៈមេប្រយោគ ប្រចាំមណ្ឌល បានឱ្យបេក្ខជនប្រឡងនៅកន្លែងពិនិត្យព្យាបាលផងដែរ។

គួរបញ្ជាក់ថា មណ្ឌលសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។

ដោយឡែកសម្រាប់ព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុបនេះដែរ មាន បេក្ខជន អវត្តមាន ២.៣៦៤ នាក់ ស្រី៩០៧ នាក់ ដែលកើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ។ អនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាព មានចំនួន១០នាក់ ។ អនុរក្សអនុវត្តខុសបទបញ្ជាមាន ២ ករណី (អនុរក្ស ១នាក់ប្រើទូរសព្ទថតវិញ្ញាសា នៅមណ្ឌល វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស ១នាក់ យក ទូរសព្ទចូលបន្ទប់ប្រឡង នៅមណ្ឌល អនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២នាក់ ៕
ដោយ៖ម៉ាដេប៉ូ
