វាគ្មិន ៦រូប ធ្វើបទបង្ហាញ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
(ភ្នំពេញ)៖ វាគ្មិន ៦រូប មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ» បន្ទាប់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបើកសិក្ខាសាលា ស្តីពី «ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ» រួចមក ។
អង្គសិក្ខាសាលា បានដំណើការបន្តតាមរបៀបវារៈ ដែលបានកំណត់ រួមមាន៖
(១) បទបង្ហាញស្តីពី “សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួម នៃការជ្រើស រើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់កជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដោយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស កែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.
(២) បទបង្ហាញស្តីពី“ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្រសួងមហាផ្ទៃ ”ដោយ ឯកឧត្តម អ៊ុ ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
(៣) បទបង្ហាញស្តីពី“ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”ដោយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(៤) បទបង្ហាញស្តីពី “ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលខេត្តរតនគិរី” ដោយ លោក មួង មករា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលខេត្តរតនគិរី
(៥) បទបង្ហាញស្តីពី “ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលស្រុកចិត្របុរី ខេត្តក្រចេះ” ដោយ កញ្ញា ជា តារ៉ា អនុប្រធានការិយាល័យ គ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលស្រុកចិត្របុរី ខេត្តក្រចេះ
និង (៦) បទបង្ហាញស្តីពី “ការប្រៀបធៀបតាវកាលិកសន្តិសុខសង្គម ផ្នែកប្រាក់សោធនរវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត ស្ថិតក្រោមច្បាប់ ស្តីពីការងារ” ដោយ លោកស្រី ជឹម វិសី អនុប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម។
ជាងនេះទៅទៀត សិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សា និងវេទិកាសំណួរ ចម្លើយ ដោយមានការលើកឡើង នូវមតិយោបល់ និងការចោទសួរពីសិក្ខាកាម មកកាន់ វាគ្មិនទាំង ៦រូប ក្រោមការសម្របសម្រួលរបស់ឯកឧត្តម គង់ សុភី រដ្ឋលេខា ធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធ ជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។
តាមការគ្រោងទុក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ នឹងអញ្ជើញជាអធិបតី បិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែល បម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ៕
ដោយ ៖ វណ្ណលុក