នាយឧត្តមសេនីយ៍ វង្ស ពិសេនអញ្ជើញចុះត្រួតពិនិត្យការត្រៀមប្រារព្វខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០
ភ្នំពេញ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំអបអរសាទរខួបលើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥.តុលា.១៩៩៤- ១៥.តុលា.២០២៤) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ។
សូមជម្រាបថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកបានកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង់មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។
ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការតាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខ័ណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានសម្រួលឈ្មោះពីកងពលតូចថ្មើរជើង លេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ៕
ដោយ៖មុនី