ចិនបំបែកកំណត់ត្រាកើបទាំងប្រាក់ចំណូល និងភ្ញៀវទេសចរ ថ្ងៃសម្រាក “សប្តាហ៍មាស”

ប៉េកាំង ៖ ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មី ក្នុងការស្រូបទាញទាំងភ្ញៀវទេសចរ និង ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ ក្នុងអំឡុងថ្ងៃឈប់សម្រាក “សប្តាហ៍មាស” ឬ “Golden Week” ចាប់ពីថ្ងៃទី ១ដល់៧ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន China daily។

ទិន្នន័យពីការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងប៉េកាំង បានបង្ហាញថា ក្នុងអំឡុងថ្ងៃបុណ្យជាតិ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ២១.៦លាននាក់ កើនឡើងរហូតដល់ ១៨.៣៥ភាគរយ។

ជាមួយគ្នានេះ ប្រទេសចិនក៏បានកត់ត្រាពីចំណូលទទួលបានពីវិស័យទេសចរណ៍សរុបចំនួន ២៦.៩ពាន់លានយន់ ឬប្រហែល ៣.៨ពាន់លានដុល្លារ កើនឡើងដល់ ១១.៦៧ភាគរយ បើធៀបនឹងឆ្នាំមុន។

ក្នុងនាមជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើក ដែលជាកន្លែងសម្រាប់ទីតាំងប្រវត្តិសាស្ត្រល្បីៗ ដូចជាព្រះបរមរាជវាំងហាមឃាត់ ឬ Forbidden City និងមហាកំផែង ព្រមទាំងការលាយបញ្ចូលគ្នានៃប្រពៃណីបុរាណ និងសម័យរបស់រដ្ឋធានីប៉េកាំង បានធ្វើឱ្យប្រទេសចិនក្លាយជាគោលដៅទេសចរដ៏គួរឱ្យចាប់អារម្មណ៍មួយ សម្រាប់ភ្ញៀវទេសចរ។

ក្នុងអំឡុងពេលវិស្សមកាល តំបន់ជនបទនៃទីក្រុងប៉េកាំងបានស្វាគមន៍ភ្ញៀវទេសចរសរុបចំនួន ៤.៥លាននាក់ កើនឡើងចំនួន ១៣.៦ភាគរយ ជាមួយនឹងប្រាក់ចំណូលប្រតិបត្តិការឈានដល់ជាង ៨៥លានដុល្លារ កើនឡើងចំនួន ៤.៥ភាគរយ បើធៀបនឹងថ្ងៃឈប់សម្រាកបុណ្យជាតិឆ្នាំមុន។

ក្នុងអំឡុងថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍នេះទៀតសោត ស្ថាប័នវប្បធម៌សាធារណៈនៅទូទាំងទីក្រុងប៉េកាំង បានរៀបចំសកម្មភាពសរុបចំនួន៨៥៥លើក រួមទាំងការតាំងពិពណ៌ ការបង្រៀនវប្បធម៌ សកម្មភាពអាន ការបណ្តុះបណ្តាលសិល្បៈ និងបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបី ដែលទាក់ទាញអ្នកចូលរួមចំនួន៤៤៦,៩០០នាក់។ ការសម្តែងបែបពាណិជ្ជកម្មសរុបចំនួន ២,០៧១លើកត្រូវបានប្រារព្ធឡើង កើនឡើងចំនួន ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព៖ China Daily ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner