ចិនដំឡើងពន្ធលើផលិតផលបំពង់ទីបដែក ដែលនាំចូលពីសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុប
ចិន៖ ក្រសួងពាណិជ្ជកម្មចិន នៅក្នុងថ្ងៃសុក្រនេះ បានប្រកាសថា ទីក្រុងប៉េកំាង បានសម្រេចចិត្តបន្តការអនុវត្តការដំឡើងពន្ធលើផលិផលបំពង់ទីបដែក ដែលមានតម្លៃទាបជាងទីផ្សារអន្តរជាតិនាំចូលពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។
កន្លងមក ប្រទេសចិនក៏ធ្លាប់បានដំឡើងពន្ធលើបំពង់ទីបដែកនាំចូលពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបចន្លោះពី១៣-១៤,១ភាគរយម្ដងរួចមកហើយ កាលពីឆ្នាំ២០១៤។ ប៉ុន្តែការដំឡើងពន្ធនេះ បានផុតកំណត់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ហើយការបន្តដំឡើងពន្ធថ្មីនេះ ធ្វើឡើងតាមសំណើពីបណ្ដាក្រុមហ៊ុនផលិតបំពង់ទីបដែកចិននៅក្នុងស្រុក។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ការដំឡើងពន្ធលើបំពង់ទីបដែក ដែលទីក្រុងប៉េកាំងជឿជាក់ថា មានតម្លៃទាបជាងទីផ្សារអន្តរជាតិ នឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រនេះ ជាមួយអាត្រាដំឡើងពន្ធចន្លោះ៥៧,៩ភាគរយ និង១៤៧,៦ភាគរយលើបណ្ដាក្រុមហ៊ុនអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន៕ធ.ដ