ភ្ញៀវរិះគន់ទង្វើ «មិនខ្វល់ពីអ្នកដទៃ» នៅព្រលានយន្តហោះវៀតណាម
បរទេស៖ តាមរយៈកិច្ចពិភាក្សាអនឡាញ ដ៏ក្តៅគគុក ក្រោយពេលអត្ថបទមួយ ចេញផ្សាយដោយកាសែតយុវជន Tuoi Tre News កាលពីសប្តាហ៍មុន ទាក់ទងនឹងអាកប្បកិរិយាមិនសមរម្យ នៅអាកាសយានដ្ឋាន ក្នុងប្រទេសវៀតណាម អំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភ្ញៀវទេសចរបរទេស បានបញ្ចេញគំនិត «អំពីអាកប្បកិរិយាអាត្មានិយម» ឬ «ទង្វើមិនខ្វល់ពីអ្នកដទៃ» នៅឯព្រលានយន្តហោះវៀតណាម។
កាសែត Tuoi Tre News បានចេញផ្សាយអំពីអាកប្បកិរិយារបស់អ្នកដំណើរខ្លះ ដែលបានចាត់ទុក ព្រលានយន្តហោះ ដូចជា ផ្ទះរបស់ពួកគេ, ដេកនៅលើកៅអី នៅកន្លែងរង់ចាំ, ដាក់វ៉ាលីនៅលើកៅអី ជាដើម ហើយជាទូទៅ ខ្វះការយល់ដឹងពីសង្គម មិនខ្វល់អំពីអ្នកដំណើរផ្សេងទៀត នៅជុំវិញពួកគេ។
អ្នកអានម្នាក់ទៀត ឈ្មោះ Alan Robins បានសរសេរថា «ការដាក់ជើងលើកៅអី នៅទីសាធារណៈ ពិតជារំខានខ្ញុំណាស់» ។
ភ្ញៀវទេសចរអូស្ត្រាលី ដែលជាអ្នកអានម្នាក់ដែរ ឈ្មោះ Steven Johnson បានសរសេរថា «រឿងដែលអាក្រក់បំផុត នៅព្រលានយន្តហោះវៀតណាម គឺមនុស្សក្អក ដោយមិនបិទមាត់»។ លោកបានរម្លឹកពីជើងហោះហើរមួយនៅវៀតណាម កាលពីខែកុម្ភៈ អំឡុងការឈប់សម្រាក ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ លោកបានរៀបរាប់ថា «បុរសម្នាក់អង្គុយទល់មុខខ្ញុំ នៅតាមផ្លូវធ្វើដំណើរលើយន្តហោះ បានក្អករហូត មិនបិទមាត់ ឬ បាញ់សម្លាប់មេរោគ នៅកន្លែងនោះទេ..១ថ្ងៃក្រោយមក ខ្ញុំក៏ធ្លាក់ខ្លួនឈឺ»។ លោកបញ្ជាក់ថា «កង្វះអនាម័យផ្ទាល់ខ្លួន» បែបនេះ គឺជាអ្វីដែលជនបរទេស នឹងចងចាំបំផុត ពេលទៅលេងប្រទេសវៀតណាម»។
យ៉ាងណាមិញ អ្នកអានខ្លះ បានបញ្ចេញគំនិតថា អាកប្បកិរិយាទាំងនេះ គឺបណ្តាលមកពីការពន្យារពេលជើងហោះហើរ និងការរង់ចាំយូរ ហើយមិនតំណាងឱ្យលក្ខណៈវប្បធម៌ របស់វៀតណាមនោះទេ។
គួរបញ្ជាក់ថា វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិ ជាង១២លាន៧សែននាក់ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ មានកំណើន១សែននាក់ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមកាសែត VNexpress៕
ប្រភពពី Tuoi Tre News ប្រែសម្រួល៖ សារ៉ាត