ក្រោយប្រឡងបាក់ឌុបបញ្ចប់ក្រសួងអប់រំដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដើម្បីទុកដាក់ឱ្យមានសុវត្ថិភាព
ភ្នំពេញ៖ ក្រោយបញ្ចប់ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្រសួងអប់រំយុវជន និង កីឡាបានរៀបចំទុកដាក់សន្លឹកកិច្ចការរបស់បេក្ខជនយ៉ាងមានសុវត្តិភាពមុននឹងនាំយកទៅធ្វើកំណែចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក្រោយប្រឡងបញ្ចប់បានចុះពិនិត្យសកម្មភាព នៃការរៀបចំទទួលទុកដាក់ហឹបសន្លឹកកិច្ចការរបស់បេក្ខជន មកពីមណ្ឌលប្រឡងទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីយកមករក្សាទុកឱ្យមានសុវត្ថិភាពក្នុងបន្ទប់រក្សាទុកសន្លឹកកិច្ចការ។ហឹបសន្លឹកកិច្ចការទាំងអស់បានបិតសាឡេការពារនៅលើទ្វារបន្ទប់ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
ក្រសួងអប់រំបានឱ្យដឹងដែរថាសម្រាប់សន្លឹកកិច្ចការនៅមណ្ឌលប្រឡងតាមខេត្ត ក៏បាននិងកំពុងដឹកជញ្ជូនយកមករក្សាទុកនៅតាមសាលាខេត្តនីមួយៗ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព យុត្តិធម៌ និងតម្លាភាព ដោយការមានបិតសាឡេការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយតាមមណ្ឌលនីមួយៗផងដែរ ដើម្បីរង់ចាំដល់ព្រឹកស្អែក នឹងដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ។
ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងដែរថាក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ រយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅប្រកបដោយការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ក្រុមការងារពាក់ព័ន្ធទាំងអស់ ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
គួរបញ្ជាក់ដែរថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ៖ ម៉ាដេប៉ូ