រដ្ឋមន្រ្តីក្រសួងសុខាភិបាល អរគុណ បារាំង ដែលបានគាំទ្រ កម្ពុជា លើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លង

ភ្នំពេញ៖ ក្នុងជំនួបជាមួយ ប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ាដាន់ យ៉ាដាន់ប៉ាណាហ៍ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណដល់ភ្នាក់ងារ​ជាតិបារាំង ដែលកន្លងមកបាន ជួយជ្រោមជ្រែង គាំទ្រកម្ពុជាទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពថវិកា លើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។

លោកសាស្រ្តាចារ្យ យ៉ាដាន់ យ៉ាដាន់ប៉ាណាហ៍ បានគោរពជម្រាបជូនអំពីទិសដៅ​បេសកកម្មរបស់ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា ។

លោកស្រីសាស្រ្តាចារ្យ Françoise Barré-Sinoussi ជាជ័យលាភីទទួលបាន​រង្វាន់ណូបែល ខាងវេជ្ជសាស្រ្ត កាលពីឆ្នាំ២០០៨ បានបញ្ជាក់ អំពីប្រវត្តិជិត ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការល្អ រវាងភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សា​ធារណៈរដ្ឋបារាំង ជាមួយក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីសំដែងការកោតសរសើរ នូវសមិទ្ធិផលដែលកម្ពុជាសម្រេចបានជោគជ័យ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងថ្មីៗនេះទៀត ជោគជ័យក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ រហូតដល់មានការទទួលស្គាល់កម្រិតពិភពលោក ជាពិសេសការ​ទទួលស្គាល់ពី អង្គការសុខភាពពិភពលោកថែមទៀតផង។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់នូវជំហរគាំទ្រនូវបេសកកម្មរបស់ ភ្នាក់ងារជាតិ​ស្រាវជ្រាវ​ជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង​នៅកម្ពុជា និងសូមឱ្យ បន្តកិច្ចសហប្រតិបត្តិការ លើការងារស្រាវជ្រាវនេះបន្តទៀ​តជាពិសេសជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរពេទ្យជាតិនានា ដើម្បីជួយលើកកម្ពស់សមត្ថភាព ការងារស្រាវជ្រាវគ្លីនិក​សម្រាប់អ្នកស្រាវជ្រាវវ័យក្មេងនៅកម្ពុជា និងយកលទ្ធផលវិទ្យាសាស្រ្ត ទាំងនោះ មកបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែមានភាពប្រសើរ​ឡើងថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner