ឯកឧត្តមរដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ ខណៈទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងសហការី ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរជនជាតិចិន មកប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញឱ្យកាន់តែទូលំទូលាយ និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រដល់គំនិតផ្ដួចផ្ដើមក្នុងការរៀបចំ “មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក” នៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះដោយលើកទឹកចិត្តសមាគម ក៏ដូចជាសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ហើយសង្ឃឹមថា នឹងមានវិនិយោគិន និងភ្ញៀវទេសចរជាច្រើនទៀតនឹងចូលរួមក្នុងសន្និបាតនេះ ដើម្បីស្វែងរកនូវឱកាសក្នុងការវិនិយោគ និងស្វែងយល់ពីសក្តានុពលទេសចរណ៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមាគមពាណិជ្ជកម្មត្រកូលលីនកម្ពុជា ដែលបានផ្តល់ជូននូវស្តង់ពិព័រណ៍មួយសម្រាប់ក្រសួងទេសចរណ៍ ដោយសហការជាមួយសមាគម ដើម្បីផ្តល់នូវគំរូនៃការរចនាស្តង់ និងសម្ភារៈសម្រាប់ធ្វើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្នុង “មហាសន្និបាតពាណិជ្ជករត្រកូលលីនពិភពលោក” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌល សន្និបាតកោះពេជ្រ នាពេលខាងមុខ ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមានចាក់នូវវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា នាពីធីបើកព្រឹត្តិការណ៍ ដោយក្រសួងទេសចរណ៍នឹងផ្តល់ជូននូវវីដេអូផ្សព្វផ្សាយជូនទៅសមាគម ដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ដល់វិនិយោគិនជាតិ និងអន្តរជាតិ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕
ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ