ប្រមុខការទូតអ៊ីរ៉ង់ហោះទៅអារ៉ាប៊ីសាអូឌីតជជែកពីសង្គ្រាមហ្គាហ្សា និងលីបង់
តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃពុធ ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចពិភាក្សាស្តីពីសង្រ្គាមនៅហ្គាហ្សា និងលីបង់។
ប្រមុខការទូតអ៊ីរ៉ង់ លោក Abbas Araghchi ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងគោលបំណងជជែកពីកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងក្រុមហេសបូឡាក្នុងប្រទេសលីបង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា ការធ្វើដំណើរទស្សនកិច្ចរបស់លោក Araghchi នឹងផ្តោតសំខាន់បញ្ឈប់អំពើប្រល័យពូជសាសន៍ និងការឈ្លានពានរបស់អ៊ីស្រាអែល ក៏ដូចជាកាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជននៅហ្គាហ្សា និងលីបង់។
អ៊ីរ៉ង់បានចោទអ៊ីស្រាអែលដែលជាសត្រូវរបស់ខ្លួនម្តងហើយម្តងទៀត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាម ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាចាប់ផ្តើម។
យ៉ាងណាមិញ បន្ទាប់ពីជម្លោះរីករាលដាលដល់ប្រទេសលីបង់ លោក Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់ គាំទ្រកិច្ចខិតខំប្រឹងប្រែងបង្កើតបទឈប់បាញ់ដំណាលគ្នា ទាំងនៅក្នុងប្រទេសលីបង់ និងទឹកដីប៉ាឡេស្ទីន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា