ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព
ឡាវ៖ ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា (AIIB) ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព ។ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា លោកមានក្ដីសោមនស្សរីករាយជាខ្លាំងដែលចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកម្រិតតំបន់នេះ ហើយខ្លឹមសារសំខាន់នៃសុន្ទរកថារបស់លោក គឺផ្ដោតលើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងតំបន់អាស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសនៅក្នុងតំបន់។
លោកប្រធានធនាគារ ក៏បង្ហាញនូវសក្ដីសប្បាយរីករាយដែលធនាគារ AIIB បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកប្រធានធនាគារបានគោរពជម្រាបជូន សម្ដេចធិបតី ថា កម្ពុជា ជាប្រទេសស្ថាបនិកមួយដែលបានចូលរួមចំណែកក្នុងការបង្កើតធនាគារ AIIB កាលពី ៩ ឆ្នាំមុន។ ការណ៍នេះ សបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងការអភិវឌ្ឍបន្តិចម្ដងៗនៃដំណើរការរបស់ធនាគារ AIIB។
ជាមួយគ្នានោះ លោកប្រធានធនាគារ ក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីជំរុញ និងធានាដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញដើម្បីបង្កើននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។
ជាការឆ្លើយតប, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះ ប្រកបដោយអត្ថន័យរបស់លោកប្រធានធនាគារ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលព្រឹក។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់នូវគន្លឹះអាទិភាពធំៗចំនួន៥ ដែលក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរ ហើយក៏ជាអ្វីដែលកម្ពុជាត្រូវការអភិវឌ្ឍបន្ថែមទៀត បន្ទាប់ពីបានរងការខូចខាតដោយភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។
សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បុរេលក្ខខណ្ឌដ៏សំខាន់មួយនៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព ជៀសឱ្យផុតពីជម្លោះប្រដាប់អាវុធ ព្រោះថានៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម នោះគ្រប់គ្នានឹងដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា។
សម្ដេចធិបតី បញ្ជាក់ថា ក្នុងនាមជាប្រទេសស្ថានិកមួយរបស់ធនាគារAIIB កម្ពុជានឹងបន្តចូលរួមជាមួយធនាគារ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងជាស្ថាប័នសម្របសម្រួល និងទំនាក់ទំនងផ្ទាល់ ជាមួយធនាគារ AIIB ៕
ដោយ ៖ វណ្ណលុក