ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឡាវ៖ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងឱកាសនៃជំនួប, លោកស្រីអនុប្រធានធនាគារពិភពលោក បានសម្ដែងនូវការ​អបអរ​សាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូល​ធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។

លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ធនាគារពិភពលោក គ្រោយនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។

នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក, លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹង​នូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។

ជាមួយគ្នានោះ លោកស្រីក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវ​ចក្ខុវិស័យរបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកម្មវិធីនយោបាយ​ជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូល​ធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុក​ដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម ដែលទាំងនេះជា​អាទិភាពចម្បង ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា កម្ពុជាបាន និងកំពុងសិក្សាអំពីអភិក្រម​នៃការពិនិត្យតាមដានថាតើមានយុវជនកម្ពុជាប៉ុន្មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និង ថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយ ដែលគួរសិក្សាជំនាញវិជ្ជាជីវៈ ដោយ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់​នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ, សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាបាននិងកំពុងពង្រឹង​ភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ និង​បាន​ពង្រឹងវិស័យអាទិភាពនានាឱ្យកាន់តែល្អប្រសើរដើម្បីឱ្យក្លាយជាជន្ទល់ដែលមានភាពរឹងមាំ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner