នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​ឱ្យកាន់តែខ្លាំងក្លាទៀត

ឡាវ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យ​កាន់តែខ្លាំងក្លាទៀត ។

ជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ បានកើឡើងក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ នាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណ សម្ដេចបវរធិបតី ដែលបានផ្ញើសារអបអរសាទរលោកជំទាវ មុនគេបង្អស់នៅពេលដែលលោកជំទាវត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។

លោកជំទាវ នាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈឆ្នាំ ២០២៤។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដែលត្រូវបានដំឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤នេះ។

សម្តេចបវរធិបតី និងលោកជំទាវនាយករដ្ឋមន្រ្តី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញគ្នាទៅវិញទៅមក ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ វិស័យការពារជាតិ និងសន្តិសុខ ជាដើម។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងប្រគល់ជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីសម្របសម្រួលកិច្ចពិភាក្សាបន្ត ពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងរៀបចំឱ្យមានសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner