ព្យុះសង្ឃរាបិសាច Milton បោកបក់មកលើឆ្នេរអាមេរិក

បរទេស ៖ ព្យុះសង្ឃរាបិសាច Milton បានបោកបក់លើឆ្នេរសមុទ្រ ក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃពុធ ជាមួយនឹងខ្យល់បក់បោកខ្លាំង ខណៈភ្លៀងគំរាមកំហែង ដល់អាយុជីវិតមនុស្ស។ ជាការកើតមានឡើង បន្ទាប់ពីព្យុះសង្ឃរាកាលពីពីរសប្តាហ៍មុន វាយប្រហារសហរដ្ឋអាមេរិក ស្លាប់មនុស្សជាង២៣០នាក់។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ របស់អាមេរិក ហៅកាត់ NHC បានចាត់ទុកថា ជាព្យុះប្រភេទទី៣ ដ៏គ្រោះថ្នាក់ខ្លាំង ដែលធ្វើឱ្យមានការបាក់ដី នៅជិតប្លុក Siesta Key នៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅយ៉ាងច្រើន នៅលើឆ្នេរសមុទ្រភាគខាងលិច របស់រដ្ឋមួយនេះ។

អភិបាលរដ្ឋ Florida បានប្រាប់សន្និសីទសារព័ត៌មានមួយ មុនពេលនៃការមកដល់របស់ព្យុះ Milton ថា ព្យុះនេះគំរាមកំហែងដល់អាយុជីវិត ជាមួយនឹងទឹកជំនន់ភ្លាមៗ ឬ Flash Flood ដែលត្រូវជន់លិច នៅភាគខាងលិចនៃរដ្ឋផ្លរីដា។ បន្ទាប់រដ្ឋមួយនេះ ព្យុះ Milton ត្រូវបានគេព្យាករណ៍ថា នឹងឆ្លងកាត់តំបន់ដីគោក ទៅកាន់មហាសមុទ្រអាត្លង់ទិក រួមទំាង មជ្ឈមណ្ឌលទេសចរណ៍ Orlando នេះបើតាម NHC ដដែល។ អាជីវកម្មនានាត្រូវបានបិទទ្វារ ជាមួយនឹងប្រើប្រាស់បាវខ្សាច់ទប់ទល់។ ព្រលានយន្តហោះនៅ Tampa និង Sarasota ត្រូវបានបិទ រហូតដល់មានការជូនដំណឹងបន្ថែម។

គួររម្លឹកថា នៅទូទាំងភាគអាគ្នេយ៍ នៃ សហរដ្ឋអាមេរិក ព្យុះសង្ឃរា Helene បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៣៥នាក់ កាលពីជាង១០ថ្ងៃមុន។ អ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកំដៅផែនដីជំរុញឲ្យមានព្យុះខ្លាំងក្លា ខណៈដែលផ្ទៃមហាសមុទ្រកាន់តែក្តៅបញ្ចេញ ចំហាយទឹកកាន់តែច្រើន ផ្តល់ថាមពលបន្ថែមដល់ព្យុះ ដែលធ្វើឲ្យខ្យល់បក់ កាន់តែខ្លាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner