រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រកិច្ចប្រតិបត្តិការសហការនិងការវិនិយោគប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថា បានថ្លែងស្វាគមន៍និងគាំទ្រដៃគូសហការនានា និងវិស័យឯកជន ដែលមានបំណងធ្វើការវិនិយោគចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក និង ចូលរួមឱ្យកម្ពុជាយើងស្អាត។ នៅក្នុងឱកាសទទួលជួប លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា «សំណល់ប្លាស្ទិកជាសត្រូវទី១ របស់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យកម្ពុជា ត្រូវបានបំពុលដោយប្លាស្ទិកទេ។ យើងត្រូវចូលរួមសាមគ្គីគ្នាកាត់បន្ថយការប្រើប្រាស់ និងលប់បំបាត់បញ្ហាប្លាស្ទិក ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋ និងដើម្បីកម្ពុជាស្អាត។»

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ជា​សកម្ម​ភាពជាអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពស្អាត នៅក្នុង​«យុទ្ធ​សាស្ត្រចក្រាវិស័យបរិស្ថាន» ត្រូវបានក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការកាត់​បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំនឹងមិនប្រើថង់ប្លាស្ទិក» ដែលបានចាប់​ផ្តើម​នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងមានការចូលរួមពីមនុស្សជាង ៩,៥ លាន​នាក់ និង យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ តទៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២,៥ លាននាក់។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» គឺជាគំនិតផ្តួចផ្តើមមួយដើម្បី​លើកទឹក​ចិត្តដល់សិស្សានុសិស្ស និងអ្នកភូមិនៅតាមភូមិនីមួយៗ ឃុំ ស្រុក និងខេត្តទាំង​អស់គ្នា ក្នុងការសម្អាត និងប្រមូលសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈឱ្យប្រមូល ការគ្រប់គ្រង និងការចោលសំរាម ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងនឹងផ្តល់ជូនធុងសំរាម ដល់សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ដើម្បីជំរុញឱ្យមានការគ្រប់គ្រងកាកសំណល់ ប្លាស្ទិក និងចាត់វិធានការឆ្ពោះ ទៅរកការកាត់បន្ថយកាកសំណល់ នាពេលអនាគត និងដំណើរការអភិវឌ្ឍ​របស់កម្ពុជា មាននិរន្តរភាពយូរអង្វែងតទៅ។

សូមបញ្ជាក់ថា លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញពីបំណងសិក្សាបង្កើតរោងចក្រកែច្នៃសំរាម​សំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់ នៅកម្ពុជា។ លោកបានកោតសរសើរនិងវាយ​តម្លៃខ្ពស់ចំពោះ ជោគជ័យ ការដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន នាពេលកន្លងមក បានដោះស្រាយបញ្ហាប្លាស្ទិកនៅតាម​សាលារៀន វត្តអារាម និងទីសាធារណៈនានា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន កំពុងបង្កើត​ទំនាក់ទំនងជាមួយបណ្តាដៃគូរដ្ឋាភិបាលនិងឯកជនផ្សេងៗ ដើម្បីជួយកែច្នៃកាក​សំណល់ប្លាស្ទិក ហើយថែមទាំងទទួលបានផលិតផលប្រើប្រាស់ ដែលមាន​គុណភាព​សម្រាប់ប្រើឡើងវិញម្តងទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner