ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការ​ពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និងស្ថាប័នទាំងអស់ថា ក្រសួងនឹងបើកការពិគ្រោះយោបល់ លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌ បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្ដមមន្ត្រី ឌីជីថលអាស៊ាន ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។

១. សាវតារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើ ប្រាស់ ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈ ពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើAIកាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក.ប.ទ. និងក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ាន បានពិភាក្សានិងអនុម័តលើឯកសារ “មគ្គទេសក៍អាស៊ានស្ដីពីអភិបាលកិច្ច​និងសីលធម៌ បញ្ញាសិប្បនិម្មិត” សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្ត​ក្នុងការរចនា អភិវឌ្ឍ និងដាក់ឱ្យប្រើប្រព័ន្ធ AI បែបប្រពៃណី ប្រកបដោយការ​ទទួលខុសត្រូវ។ បន្ថែមលើនេះ ក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃ​បណ្ដារដ្ឋ​សមាជិកអាស៊ាន បានមូលមតិគ្នាបង្កើត ក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដើម្បីសហការគ្នាលើកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់ ហើយថ្មីៗនេះ ក្រុមការងារបានពិនិត្យពិភាក្សានិងឯកភាពលើសេចក្ដីព្រាងដំបូងនៃ “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” (“មគ្គទេសក៍បន្ថែម”) ដែលជាការបំពេញបន្ថែមលើមគ្គទេសក៍មុន ដើម្បីឆ្លើយតបនឹងការរីកដុះដាលនៃ GenAI។

២. ការពិគ្រោះយោបល់ ដើម្បីឱ្យសេចក្ដីព្រាង “មគ្គទេសក៍បន្ថែម” ​នេះកាន់តែល្អ​ប្រសើរ​និងគ្រប់ជ្រុងជ្រោយ ក្រសួងទទួលបន្ទុកវិស័យ​ឌីជីថលនៃបណ្ដារដ្ឋ​សមាជិកអាស៊ានបានសម្រេចដាក់សេចក្ដីព្រាងដំបូងនៃ “មគ្គទេសក៍បន្ថែម” នេះ ពិគ្រោះយោបល់ជាមួយវិស័យឯកជនតាមប្រទេសរៀងៗខ្លួន ដោយត្រូវបូក​សរុបលទ្ធផលនិងបញ្ជូនទៅអគ្គលេខាធិការដ្ឋានអាស៊ានត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ ផ្អែកតាមអនុសាសន៍នៃគោលការណ៍ណែនាំរួម ការជ្រើសរើសដៃគូពិគ្រោះយោបល់នេះ រួមមាន៖

  • សមាគមតំណាងអ្នកតែងនិពន្ធនិងអ្នកបោះពុម្ពផ្សាយ
  • សមាគមតំណាងក្រុមហ៊ុនសន្តិសុខសាយប័រ
  • សមាគមតំណាងក្រុមហ៊ុនអេឡិចត្រូនិកនិងក្រុមហ៊ុនបច្ចេកវិទ្យា
  • សមាគមតំណាងក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ
  • ក្រុមហ៊ុននិងអង្គការសមាគមដែលអាចមានយោបល់
  • បុគ្គលផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់រដ្ឋសមាជិក។

តាមរយៈសេចក្ដីជូនដំណឹងនេះ ក.ប.ទ. សូមអញ្ជើញដៃគូពិគ្រោះយោបល់ដូចខាងលើ និងលើកទឹកចិត្តគ្រឹះស្ថាន អង្គការ ស្ថាប័ន ព្រមទាំងរូបវន្តបុគ្គលនិងនីតិបុគ្គលដែលមានចំណាប់អារម្មណ៍ទាំងអស់ ទាំងក្នុងវិស័យឯកជន វិស័យអប់រំស្រាវជ្រាវ និងសង្គមស៊ីវិល ចុះឈ្មោះចូលរួមពិគ្រោះយោបល់ តាមនីតិវិធីខាងក្រោម។

៣. នីតិវិធីចូលរួមពិគ្រោះយោបល់

  • ជំហានទី១ ៖ ចូលទៅកាន់ go.gov.kh/mptc/regcon-genai ដើម្បីចុះឈ្មោះពិគ្រោះយោបល់ ដោយបំពេញឈ្មោះគ្រឹះស្ថាន ឈ្មោះនិងតួនាទីសាមីខ្លួន អ៊ីមែល និងមូលហេតុដែលមានការពាក់ព័ន្ធ។
  • ជំហានទី២ ៖ អ្នកពាក់ព័ន្ធនឹងទទួលបានសេចក្ដីព្រាងដើម្បីពិនិត្យនិងផ្ដល់យោបល់ ព្រមទាំងទម្រង់គំរូ ដើម្បីកត់ត្រាមតិយោបល់។
  • ជំហានទី៣ ៖ បញ្ជូនមតិយោបល់មក ក.ប.ទ. តាមរយៈ go.gov.kh/mptc/subcon-genai ឱ្យបានត្រឹមដំណាច់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
  • ជំហានទី៤ ៖ សិក្ខាសាលាពិគ្រោះយោបល់ នៅទីស្ដីការ ក.ប.ទ. នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

៤. ជំហានបន្ទាប់ ក្រុមការងារជំនាញរបស់ ក.ប.ទ. នឹងសំយោគមតិយោបល់​ភាគីពាក់ព័ន្ធ និងផ្ញើទៅកាន់អគ្គលេខាធិការដ្ឋានអាស៊ាន។ សេចក្ដីព្រាង “មគ្គទេសក៍បន្ថែម” អាចត្រូវបានកែសម្រួលជាបន្តបន្ទាប់ តាមការពិភាក្សា​និងការឯកភាពរបស់ឧត្ដមន្ត្រីឌីជីថលអាស៊ាននិងការសម្រេចរបស់កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន។

កំណត់សម្គាល់៖

  • ខ្លឹមសារសេចក្ដីព្រាងអាចមានការប្រែប្រួល អាស្រ័យលើលទ្ធផលនៃការពិគ្រោះយោបល់ដែលកំពុងអនុវត្តដំណាលគ្នានៅបណ្ដារដ្ឋសមាជិកអាស៊ាន។
  • ឯកសារសេចក្ដីព្រាងនេះ ត្រូវចាត់ទុកជាការសម្ងាត់។ អ្នកទទួលបានឯកសារមិនត្រូវផ្សព្វផ្សាយបន្តចេញពីគ្រឹះស្ថានខ្លួន ឬប្រើប្រាស់ឯកសារនេះសម្រាប់គោលដៅផ្សេងក្រៅពីការពិគ្រោះយោបល់នេះជាដាច់ខាត។
    អាស្រ័យហេតុនេះ សូម បុគ្គលពាក់ព័ន្ធនិងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមចុះឈ្មោះពិគ្រោះយោបល់តាមការគួរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល៖ [email protected] ឬ ទូរសព្ទលេខ 011 624 113 (តេឡេក្រាម) 098 736 985 (តេឡេក្រាម)៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner