វិមានក្រឹមឡាំងបដិសេធលោក ពូទីន លួចទាក់ទងលោក ត្រាំ
មូស្គូ៖ វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បដិសេធការអះអាងការចុះផ្សាយរបស់សៀវភៅថ្មីមួយ ដែលថា លោក ដូណាល់ ត្រាំ ប្រហែលជាបាននិយាយជាមួយលោក វ្ល៉ាឌីមៀ ពូទីន ចំនួន៧ដង ចាប់តាំងពីគាត់បានចាកចេញពីសេតវិមាន។
វិមានក្រឹមឡាំងទាត់ចោលការចុះផ្សាយរបស់សៀវភៅ “សង្រ្គាម” ដែលថា លោក ដូណាល់ ត្រាំ ប្រហែលជាបាននិយាយជាមួយប្រធានាធិបតីរស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំនួន៧ដង ចាប់តាំងពីគាត់បានចាកចេញពីសេតវិមាន។
នៅពេលសារព័ត៌មានក្នុងស្រុកសួរដេញដោលអំពីរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា ទេ…មិនមានរឿងបែបនោះទេ។
ទោះបីជាយ៉ាងណា សៀវភៅ “សង្រ្គាម” របស់អ្នកយកព័ត៌មានដ៏ល្បីល្បាញ Bob Woodward បានចុះផ្សាយថា លោក ត្រាំ បានរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក ពូទីន ទោះបីជាគាត់កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់អាណត្តិមួយទៀតក៏ដោយ។
លោក Woodward ដោយផ្អែកតាមប្រភពពីជំនួយការលោក ត្រាំ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា អ្នកទាំងពីរប្រហែលជាបាននិយាយគ្នាប្រហែល ៧ដងឯណោះ ចាប់តាំងពីឆ្នាំ ២០២១ ស្របពេលដែលអាមេរិកកំពុងជួយអ៊ុយក្រែនទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។
យោងតាមខ្លឹមសារសៀវភៅសង្គ្រាមរបស់លោក Woodward កាសែត Washington Post បានចុះផ្សាយថា លោក Trump ខណៈពេលដែលលោកនៅតែជាប្រធានាធិបតីបានផ្ញើឧបករណ៍ធ្វើតេស្ត Covid ដោយសម្ងាត់ទៅឱ្យលោក ពូទីន បើទោះបីជាអាមេរិកកំពុងខ្វះខាត ក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដោយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា