គ្រូបង្វឹកកីឡាទូកនាគកងទ័ពជើងទឹករំពឹងក្រសោបបានមេដាយមាសទាំងពីរវិញ្ញាសាការប្រកួតកីឡាជាតិលើកទី៤
ភ្នំពេញ៖ លោក ជា សាវ៉ុន គ្រូបង្វឹកកីឡាទូកនាគកងទ័ពជើងទឹក បានបង្ហើបថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើប្រភេទកីឡាទូកនាគ នឹងប្រកួតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេវៃគោ ក្រុងស្វាយ រៀង ខេត្តស្វាយរៀង អត្តពលិកកីឡាទូកនាគកងទ័ពជើងទឹក រំពឹងខ្ពស់ថា នឹងប្រជែងដណ្តើមបានមេដាយមាសជូនអង្គភាព។
ការថ្លែងលើកឡើងរបស់គ្រូបង្វឹករូបនេះ ក្រោយបញ្ចប់ការហ្វឹកហាត់របស់អត្តពលិកកងទ័ពជើងទឹក នៅបញ្ជាការដ្ឋានទ័ពជើងទឹក ជ្រោយចង្វា ខណ្ឌ ជ្រោចង្វារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៤។
គ្រូបង្វឹកខាងលើ បានអះអាងថា អ្វីដែលធ្វើឱ្យលោកជាគ្រូបង្វឹកដាក់ក្តីរំពឹងខ្ពស់បែបនេះ ចំពោះការប្រជែងមេដាយរបស់អត្តពលិកកីឡាទូកកងទ័ពជើងទឹកក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតលើកទី២ ដោយសារតែកីឡាករកីឡាការិនីបានធ្វើការហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អពុំមានការឈប់សម្រាកនោះទេ ។
ក្រោមការទំនុកបំរ៉ុងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកីឡាកងទ័ពជើងទឹក ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឯកឧត្តម ឧត្តម នាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ ទៀ លក្ខណា។
គ្រូបង្វឹករូបនេះ បានពន្យល់ទៀតថា ការឧបត្ថម្ភគាំទ្រនេះហើយ បានជួយឱ្យកីឡាករកីឡាការិនីហ្វឹកហាត់ដោយមានកម្លាំងពេញលេញ និងពោពេញទៅដោយទឹកចិត្តហ្វឹកហាត់។ដូចនេះហើយ សម្រាប់ការប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤នៅខេត្តស្វាយរៀង កីឡាទូកកងទ័រជើងទឹកដាក់គោលដៅយកមេដាយមាសជូនអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹកទាំងពីរវិញ្ញាសា។
កីឡាការិនីទូកនាគកងទ័ពជើងទឹក សយ ស្រីនីត បានលើកឡើងថា សម្រាប់ការចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ខាងមុខនេះ ក្រុមរបស់នាង បានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ព្រោះពួកនាងទទួលបានទំនុកបំរ៉ុងពីថ្នាក់កីឡាកងទ័ពជើងទឹកបានល្អ ដែលធ្វើឱ្យការហ្វឹកមានសាមគ្គីភាព និងកាយល់ចិត្តគ្នាល្អ ដោយតាំងចិត្តរួមគ្នាឆន្ទៈតែមួយ ប្រកួតដណ្តើមឱ្យបានជ័យជម្នះជូនអង្គភាព។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ លើប្រភេទកីឡាទូកនាគ នឹងធ្វើការប្រកួតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងទន្លេវៃគោ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆកា ឆ្នាំ២០២៤ ។សម្រាប់កីឡាទូកកងទ័ពជើងទឹក ចូលរួមចំនួន២វិញ្ញាសា គឺ៨០០ម៉ែត្របុរស និងវិញ្ញាសា២០០ម៉ែត្រចម្រុះបុរសនិងនារី៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ