សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា គាំទ្រចំពោះការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់
ភ្នំពេញ៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA)បានបង្ហាញជំហរ និងក៏ដូចជាប្រកាសគាំទ្រពីការចូលរួមគោរពលិខិតបទដ្ឋាន ព្រមទាំងច្បាប់ពាក់ព័ន្ធនានា របស់កម្ពុជា ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានដាក់ចេញកន្លងមក និងតម្រូវឱ្យរោងចក្រសហគ្រាស ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។
គួរបញ្ជាក់ថាការបង្ហាញពីជំហរបែបនេះធ្វើឡើងដោយលោក Ratchayut Kasemchairsiri ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ក្នុងពិធី ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ភាពស្អាតជាកិត្យានុភាពរបស់កម្ពុជា ចាំបាច់ត្រូវតែអនុវត្តដូចគ្នា និងស្មើភាព។ ហើយភាពស្អាតនេះ នឹងជួយការពារដល់ សុខភាពរបស់អ្នកវិនិយោគ សុខភាពនិយោជិត សុខភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថានទាំងមូល របស់យើង ពីការទទួលរងផលប៉ះពាល់ផ្នែកសុខភាព បណ្តាលមកពីសារធាតុពុល ដែលមាននៅក្នុងទឹកកខ្វក់ នៅពេលបង្ហូរចេញ ដោយមិនមានការត្រួតពិនិត្យ តាមលក្ខណបច្ចេកទេសត្រឹមត្រូវ។
សូមបញ្ជាក់ថា “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ត្រង់មាត្រា ១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល បានតម្រូវឱ្យរោងចក្រសហគ្រាស ឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុល ត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ៕
ដោយ៖ម៉ាដេប៉ូ