លោក ហ្សេលេនស្គី លុបចោលកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនលើកទីពីរ

គៀវ៖ ជំនួយការជាន់ខ្ពស់របស់មេដឹកនាំអ៊ុយក្រែននិយាយថា ទីក្រុងគៀវសម្រេចចិត្តបញ្ឈប់កិច្ចប្រជុំកំពូល ស្តីពីសន្តិភាពអ៊ុយក្រែនលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា។

ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន គឺលោកស្រី Darya Zarivna បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនលើកទីពីរ នឹងមិនប្រព្រឹត្តទៅដូចតាមការគ្រោងទុកនៅខែវិច្ឆិកាទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរៀបចំកិច្ចប្រជុំកំពូលស្តីពិសន្តិភាពអ៊ុក្រែនលើកដំបូងក្នុងខែមិថុនា នៅឯរមណីយដ្ឋាន Luzerne របស់ប្រទេសស្វីស។

មូលហេតុដែលលោក ហ្សេលេនស្គី រៀបចំកិច្ចប្រជុំកំពូល គឺដោយសារមេដឹកនាំអ៊ុយក្រែនរូបនេះ ចង់ស្វែងរកការគាំទ្ររូបមន្តសន្តិភាពរបស់គាត់ដែលជាបញ្ជីប្រាថ្នា១០ចំណុច ប៉ុន្តែរុស្ស៊ីបានច្រានចោល។

ហើយកិច្ចប្រជុំកំពូលដែលរុស្ស៊ីមិនត្រូវបានអញ្ជើញឱ្យចូលរួមនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបរាជ័យមួយរបស់អ៊ុយក្រែន។

សម្រាប់រុស្ស៊ីវិញ បានច្រានចោលការពិភាក្សាណាមួយ ពាក់ព័ន្ធនឹងរូបមន្តសន្តិភាពអ៊ុយក្រែន ដោយបានលើកឡើងថា វាគ្មានប្រយោជន៍ និងគ្មានខ្លឹមសារ។

យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញនូវលក្ខខណ្ឌមួយ សម្រាប់បទឈប់បាញ់ជាមួយអ៊ុយក្រែនក្នុងខែមិថុនា ក្នុងនោះរួមមានការហាមអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner