យន្តហោះហើរតួកគីចុះចតជាបន្ទាន់ បន្ទាប់ពីស្លាប់អ្នកបើកបរ
បរទេស៖ ជើងហោះហើរពីទីក្រុង Seattle របស់អាមេរិកទៅកាន់ទីក្រុង Istanbul របស់ក្រុមហ៊ុនអាកាសចរណ៍ទួកគី Turkish Airlines បានចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ Kennedy ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកបើកយន្តហោះ ឬ Pilot ម្នាក់ បានស្លាប់។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក បានបញ្ជាក់ពីឧប្បត្តិហេតុនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយគ្រាន់តែនិយាយថា «អ្នកបើកយន្តហោះម្នាក់ បានទទួលការសង្គ្រោះបន្ទាន់ ផ្នែកវេជ្ជសាស្ត្រ»។
តាមទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Flight Aware បានឲ្យដឹងថា យន្តហោះប្រភេទ Airbus A350 បានហោះឡើង នៅវេលាម៉ោង៧៖០២នាទីយប់ថ្ងៃអង្គារ ម៉ោងនៅអាមេរិក។ អ្នកបើកយន្តហោះ ឈ្មោះ Ilcehin Pehlivan ដំបូងឡើយ បានបាត់បង់ស្មារតី ក្នុងអំឡុងពេលហោះហើរ។ ក្រោយមក ក៏បានដឹងថា លោកបានស្លាប់ នាំឲ្យមានការសម្រេចចិត្តចុះចត ភ្លាមៗ បន្ទាប់ពីហោះហើរ រយៈពេលប្រហែល៨ម៉ោង។ ជើងហោះហើរ Flight 204 បានជួបបញ្ហានេះ នៅពីលើកោះ Baffin ភាគខាងជើង ប្រទេសកាណាដា ក៏បានបត់ស្តាំយ៉ាងមុតស្រួច ហើយឆ្ពោះទៅទីក្រុងញូវយ៉ក ហើយបានចុះចត នៅម៉ោង៥.៥៧នាទីព្រឹក ថ្ងៃពុធ ម៉ោងនៅអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍បានរៀបចំទទួលអ្នកដំណើរ ទៅកាន់ទីក្រុង Istanbul ប្រទេសតួកគី តាមជើងហោះហើរ ផ្សេងទៀត ប៉ុន្តែ មិនបានបញ្ជាក់លម្អិតពីស្ថានភាពអ្នកដំណើរនោះទេ។
ក្រុមហ៊ុនTurkish Airlines មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់អ្នកបើកបរ អាយុ៥៩ឆ្នាំ រូបនេះទេ ប៉ុន្តែ បានអះអាងថា លោកបានទទួលការពិនិត្យសុខភាព ជាប្រចាំ ហើយមិនឃើញមានបញ្ហាអ្វីនោះទេ អំឡុងការពិនិត្យចុងក្រោយ៕
ប្រភពពី Aletihad ប្រែសម្រួល៖ សារ៉ាត