ព្យុះសង្ឃរាបោកបក់លើតំបន់អឺរ៉ុបខាងលិច
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ព្យុះសង្ឃរា គៀក (Kirk) បានបោកបក់ចូលតំបន់អឺរ៉ុបខាងលិច ដោយបានផ្តួលរលំដើមឈើ នៅក្នុងប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ មុនពេលភ្លៀងធ្លាក់ខ្លាំង មកលើប្រទេសបារាំង ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់។
អាជ្ញាធរនិយាយថា ខ្យល់ព្យុះនៅសមុទ្រមេឌីទែរ៉ាណេ ចេញពីទីក្រុងកំពង់ផែ Sete ភាគខាងត្បូងប្រទេសបារាំង បានក្រឡាប់ទូកចំនួនបីគ្រឿង សម្លាប់នាវិកម្នាក់ និងដាក់ម្នាក់ទៀតរបួសធ្ងន់ធ្ងរ។ មនុស្សប្រហែល ៦៤,០០០នាក់ នៅភាគខាងត្បូងនៃប្រទេសបារាំង គ្មានថាមពលអគ្គិសនីប្រើប្រាស។
អាជ្ញាធរការពារស៊ីវិលរបស់ប្រទេសព័រទុយហ្គាល់វិញ បានរាយការណ៍ពីឧប្បត្តិហេតុជាង១,៣០០លើក ពេញមួយយប់ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ ដែល ៣ ភាគ ៤ នៃចំនួននេះ ពាក់ព័ន្ធនឹងការដួលរលំដើមឈើ នៅភាគខាងជើងនៃប្រទេស។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសនេះបាននិយាយថា ព្យុះក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជាង៣០ម៉ឺនគ្រួសារផងដែរ។ មន្ត្រីអាកាសធាតុ និងការពារស៊ីវិល បានព្យាករណ៍ថា មានខ្យល់បក់ក្នុងល្បឿន ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យឆ្នេរសមុទ្រប្រកាសអាសន្នពណ៌លឿង ខណៈដែលរលកបានឡើងដល់កម្ពស់ ៧ម៉ែត្រ។
មន្ត្រីអាកាសធាតុអេស្បាញវិញ បានចេញសេចក្តីជូនដំណឹង ពណ៌ទឹកក្រូច សម្រាប់ភាគខាងជើង និងភាគពាយ័ព្យ នៃប្រទេស ដោយព្រមានពីខ្យល់បក់ រហូតដល់ ១៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ តំបន់ពាយព្យ មានការរាយការណ៍ថា ផ្លូវមួយចំនួនត្រូវបានបិទ ជាមួយនឹងការបាក់រលំដើមឈើ៕
ប្រភពពពី AFP ប្រែសម្រួល៖ សារ៉ាត