និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បំពេញកម្មសិក្សានៅសហគមន៍កសិកម្មចំនួន ២សហគមន៍ ក្នុងខេត្តតាកែវ និង ខេត្តបាត់ដំបង
(ភ្នំពេញ)៖ មជ្ឈមណ្ឌល KOPIA បានធ្វើការរៀបចំ និងជួយឧបត្ថម្ភគាំទ្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការបំពេញកម្មសិក្សានៅសហគមន៍កសិកម្មចំនួន ២សហគមន៍ កាលពីថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៤ ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមាននិស្សិត ៥០នាក់ ដឹកនាំដោយលោកបណ្ឌិត ជាង ហុង សាស្រ្តាចារ្យ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម។
ដោយមានការជួយជ្រោមជ្រែងពីមជ្ឈមណ្ឌល KOPIA សិស្សនិសិត្សចំនួន៥០នាក់ និងបានធ្វើការចុះផ្ទាល់ ដល់សហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដោយមានការពន្យល់បង្ហាញដោយផ្ទាល់ ពីលោកប្រធានសហគមន៍នីមួយៗក្នុងខេត្តទាំងពីរ ព្រមទាំងធ្វើការពន្យល់ និងបកស្រាយចម្ងល់ សំណួរ-ចម្លើយ ដែលបានសាកសួរព័ត៌មានផ្សេងៗ ពីសំណាក់សិស្សនិស្សិតផងដែរ។
សិស្សនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបរាប់ថា កន្លងមកពួកគាត់ បានសិក្សា ការប្រើប្រាស់ពូជ ការប្រើប្រាស់ដី និងការថែទាំ ពួកគាត់បានទទួលត្រឹមតែទ្រឹស្តីនៅក្នុងសាលាតែប៉ុណ្ណោះ ប៉ុន្តែតាមរយៈកម្មសិក្សានៅក្នុងថ្ងៃនេះ ពួកគាត់បានមើលផ្ទាល់ដល់កន្លែងដាំដុះ ដែលពិតជាមានសារៈសំខាន់យ៉ាងច្រើន ឆ្លើយតបដល់ការសិក្សាជាក់ស្តែង។
លោកបណ្ឌិត ជាង ហុង បានធ្វើការថ្លែងអំណរគុណ ដល់ KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់សិស្សនិស្សិត មកធ្វើការទស្សនកិច្ចសិក្សា ដល់សហគមន៍កសិកម្ម និងផ្តល់ការអប់រំជាក់ស្តែង។ លោកបានបន្ថែមថា ការជួយគាំទ្រនេះ ពិតជាជួយដល់ដំណើរការសិក្សារបស់សិស្សនិស្សិតផងដែរ។
លោកបណ្ឌិត Song Young-Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា បានថ្លែងថា លោកគ្រោងនឹងបន្តផ្តល់ឱកាស ក្នុងការគាំទ្របែបនេះបន្ថែមទៀត នៅថ្ងៃខាងមុខចំពោះសិស្សនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការចុះកម្មសិក្សាផ្ទាល់ ដល់កន្លែងស្រាវជ្រាវដំណាំផ្សេងៗផងដែរ។
កម្មវិធីនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីអនុវត្តន៍សកម្មភាព នៃការចុះអនុស្សរណៈយោគយល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្មថា ពិតជាបានអនុវត្ត ហើយវានឹងក្លាយជាជំនួយមួយដ៏ល្អ ក្នុងការបណ្តុះធនធានមនុស្ស ដើម្បីដឹកនាំវិស័យកសិកម្មរបស់កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត៕
ក្រសួងកសិកម្ម