ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាព ទឹកលិច ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថាជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់។

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤មាន ខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកម្មនៅប្រទេសបារាំង ឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយតំបន់មួយចំនួនទទួលរងការលិចលង់ ។ ឯកឧត្ដម ថា បើទោះបី ឯកឧត្តមនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺ ក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តមអភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបាន។

ឯកឧត្តម ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដោយបានណែនាំឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។

បន្តមកទៀត ឯកឧត្ដមបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍ មុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឲ្យតំបន់នេះ ទទួលរងនូវការលិចដោយជំនន់ទឹកភ្លៀងតែម្តង។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មិនបានព្រងើយកនោះទេ គឺតែងតែ ដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។

ឯកឧត្ដមបានបញ្ជាក់ថា៖ ជាដំណោះស្រាយ ដើម្បីអោយតំបន់ត្រពាំងថ្លឹងនេះ បានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញនឹងកសាងស្ថានីយ៍បូមទឹកចំនួនពីរទៀត ដោយស្ថានីយ៍បូមទឹកទី១ គ្រោងស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យនិង១កន្លែងទៀតលើប្រឡាយម័រ និងការបុកស៊ីផាយ(បឹងតាម៉ាត)ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយនិងការស្តារប្រឡាយផងដែរ។

ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនទើបតែគិតគូរពេលនេះទេ គឺបានគិតគូរយូរហើយ ជុំវិញការរំដោះទឹកចេញពីតំបន់ទាំងនេះ ។ ប៉ុន្តែដោយសារស្ថានីយ៍បូមទឹកបឹងទំពុនមិនទាន់ពង្រីក ដាក់បន្ថែមម៉ូទ័ររួចរាល់។ តែពេលនេះស្ថានីយ៍បូមទឹកបឹងទំពុនអាចទទួលយកទឹករំដោះពីត្រពាំងថ្លឹងនេះបានហើយ ទើបយើងមានគម្រោងកសាងស្ថានីយ៍បូមទឹក ពីរខាងលើនេះឡើង ដែលវានឹងអាចបូមទឹក ចេញពីតំបន់នេះបានប្រសើរឡើង។

ឯកឧត្តម ឃួង ស្រេង បន្ថែមទៀតថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញអោយតែមានភ្លៀងធ្លាក់ធំៗម្ដង គឺគ្រប់បណ្ដាស្ថានីទាំងអស់នៅរាជធានីភ្នំពេញ តែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះអោយបាននូវការលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធររាជធានីភ្នំពេញ មិនដែលព្រងើយកន្តើយឡើយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner