ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឱ្យប្រជា​ពលរដ្ឋ​មានការកោតសរសើរ និងសាទរជាខ្លំាង ក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលរាជធានី ភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ភាពជោគជ័យនៃការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការកោតសរសើរ និងសាទរជាខ្លំាង ដែលបង្ហាញថា អាជ្ញាធរបានយកចិត្តទុកដាក់ជាខ្លំាងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ។

ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លំាងនៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡងនាថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានយ៉ាងល្អ បើទោះបីមានបេក្ខជនមួយចំនួន មានបញ្ហាសុខភាពរហូតដល់១៩២នាក់ក៏ដោយ ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់ចែងរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្រធ្វើការសង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងបានយ៉ាងល្អ ។

ឯកឧត្ដមបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញគ្មានករណីយកលុយ ការផ្ញើរកងម៉ូតូ រថយន្ត ពីបេក្ខជនប្រឡងនិងអាណាព្យាបាល សិស្សឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញបានផ្គត់ផ្គង់ថវិកាក្នុង១មណ្ឌលប្រឡងចំនួន ១លានរៀលរួចហើយ។

ឯកឧត្ដម សុខ ពេញវុធបានបន្ថែមថា ដោយមានករណីភ្លៀងខ្លំាងៗជាប់គ្នានៅមុនថ្ងៃប្រឡង និងថ្ងៃប្រឡង កងកម្លំាង អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញក៏បានដោះស្រាយបញ្ហាភ្លាមៗ ដោយបានបូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹកដោយទឹកភ្លៀងចំនួន៤មណ្ឌលបានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡងរបស់សិស្សានុសិស្ស ។

ឯកឧត្ដមបានបន្តថា ក្រោមការ ចង្អុរបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជុំវិញដំណើរការប្រឡងឌុបនៅរាជធានីភ្នំពេញនេះ បានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរពីប្រធានមណ្ឌលប្រឡង ពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា តំណាងអង្គភាពប្រឆំាងអំពើពុករលួយ ពិសេសពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្ស។

ឯកឧត្តម សុខ ពេញវុធក៏បានឱ្យដឹងទៀតថា ក្នុងខែកញ្ញាឆ្នាំ ២០២៤កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានការងារជោគជ័យជាច្រើន ហើយរទទួលការសារទរ ពីប្រជាពលរដ្ឋ ដូចជា ការៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាស បុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈបានល្អប្រសើរ និងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយពុំមានបញ្ហា បទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner