ក្រសួងការងារ ផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤»
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ។
ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សិក្ខាសាលានេះផ្សព្វផ្សាយនូវឯកសារដ៏មានសារៈសំខាន់ចំនួន៣ រួមមាន ទី១ ព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ» ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានសំខាន់ៗអំពីទីផ្សារការងារ និងឱកាសការងារដែលមានស្រាប់សម្រាប់យុវជន និងជាព័ត៌មានចាំបាច់សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញត្រូវនឹងទីផ្សារបច្ចុប្បន្ន។
ទី២ របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់តម្រូវការនៃកម្លាំងពលកម្ម និងស្ថានភាពកង្វះជំនាញ និងការបណ្តុះបណ្តាលបុគ្គលិក និងស្ថានភាពនៃការជ្រើសរើសបុគ្គលិកនៅតាមវិស័យ និងទំហំនៃសហគ្រាស គ្រឹះស្ថានផ្សេងៗគ្នា ក្នុងរយៈពេលខ្លី និងមធ្យម ដោយជាក់ស្តែងរបាយការណ៍នេះបង្ហាញថា សហគ្រាស គ្រឹះស្ថានក្នុងអនុវិស័យសំខាន់ៗមួយចំនួនកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដើម្បីបំពេញតម្រូវការរបស់ខ្លួន។ និងទី៣ របាយការណ៍លទ្ធផលអង្កេតស្តីពី «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់នូវមុខរបរ ឬជំនាញដែលមានតម្រូវការខ្ពស់ និងកំណត់និន្នាការប្រាក់ឈ្នួលតាមវិស័យក្នុងរយៈពេលខ្លី និងមធ្យម។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាលទ្ធផលនៃការអង្កេតនេះនឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា សម្រាប់យកជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ និងសម្រាប់អ្នករៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការជំនាញ និងបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយការអង្កេតទាំងនេះ ត្រូវបានរៀបចំឡើងស្របតាមសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨៕
ដោយ ៖ ង៉ាន់ ទិត្យ