គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុង​ក្រុងបាត់ដំបង កំពុងជំរុញទៅតាមផែនការ

បាត់ដំបង៖ មកដល់ពេលនេះគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ ខេត្តបាត់ដំបង​​សម្រេច​បាន​ជាង៩៥ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ចំណែកការ​ដ្ឋាននៅប៉ែកខាងលិចស្ទឹងសង្កែ សម្រេចបាន​ប្រមាណ ជាង៤៥​ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។

ក្នុងសប្ដាហ៍នេះឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួង​សាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍​អាស៊ី​(ADB)ជាដៃគូនៃគម្រោង​ តំណាងក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនម៉ៅការសាង​សង់និងក្រុមការងារពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រួតពិនិត្យអំពី​ដំណើរ​​ការងារកន្លងមកនិងពីវឌ្ឍនភាពរបស់គម្រោង។

បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ស្ថានីយអាងចម្រុះទឹកកខ្វក់ប៉ែកខាងលិចស្ទឹងសង្កែ នៅទីនេះក្រុមការងារបានជំរុញឱ្យពន្លឿនការងារនិងពិនិត្យការជួសជុលកែលម្អសាងសង់ឡើងវិញ នូវ ខ្សែផ្លូវ ដែលរងការខូច​ខាតដោយ​សារតែការជីកកាយសាងសង់ប្រព័ន្ធលូរំដោះទឹកកន្លងមក ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបាន​បញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ នៅប៉ែកខាងកើតស្ទឹងសង្កែសម្រេចបានជាង៩៥ភាគរយ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤។ចំណែកការដ្ឋាននៅប៉ែកខាង​លិចស្ទឹងសម្រេចបានជាង៤៥ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅ​ចុងឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា ក្រុងបាត់ដំបងបច្ចុប្បន្នបាននិងកំពុងអនុវត្តគម្រោង​ស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចេញ​ក្រៅក្រុងទាំងប៉ែកខាងកើតស្ទឹងសង្កែ និងប៉ែកខាងលិចស្ទឹងសង្កែ  ដែលគាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner