ក្រសួងសារធារណៈការជំរុញឱ្យអ្នកប្រករបរដឹកជញ្ជូនបញ្ចប់នូវពាក្យរិះគន់ទៅលើការបើកបរតាមដងផ្លូវ
(ភ្នំពេញ)៖ ឯកឧត្តម ឈួន វ៉ន់ បានជំរុញទៅដល់បងប្អូន អ្នកប្រកបរបរដឹកជញ្ជូនគ្រប់ប្រភេទពិសេស អ្នករត់កង់បី បញ្ចប់នូវពាក្យរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទៅលើការតាមដងផ្លូវ ដែលមានការលើកឡើងនាពេលកន្លងមក ក្នុងនោះមានការបើកបរដោយមិនគោពគន្លងផ្លូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបំពានភ្លើងស្តុប និងផ្លាកសញ្ញាជាដើម។
ការលើកឡើងរបស់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសារធារណៈការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទ “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិកដៃគូបើកបររបស់ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា) ។
ឯកឧត្តម បន្តថា តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សព្វផ្សាយនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។
លោក ហុក សុគន្ធ ប្រកបរបររត់កង់បីចាប់តាំងពីឆ្នាំ២០១៦ បានលើកឡើងថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលច្បាប់ចរាចរណ៍ពីក្រសួងសារធារណៈការ និងដឹកជញ្ជូន ធ្វើឱ្យលោកដឹងច្បាស់ពីគន្លងផ្លូវរបស់ខ្លួនដែលត្រូវបើកបរ ខណៈពីមុនមកការបើកបរមិនច្បាស់គន្លងផ្លូវ។ ជាមួយគ្នានេះលោក ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវពិសេសអ្នកប្រករបររត់កង់បីសូមគោរពច្បាប់ ក៏ដូចជាគន្លងចរាចរណ៍ និងការវ៉ាជែង ផ្តេសផ្តាស់ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង និងបង្ករកាកកស្ទះចរាចណ៍ផងដែរ។
លោក កង សុវណ្ណរ៉ូត នាយកគ្រប់គ្រងប្រចាំនៅកម្ពុជារបស់ក្រុមហ៊ុន Grab លើកឡើងថា ក្រុមហ៊ុន បានធ្វើការយ៉ាងជិតស្និតជាមួយក្រសួងដើម្បីរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ១០វគ្គ សម្រាប់ដៃគូបើកបរ តាំងពីខែមេសា ឆ្នាំ២០២៤ នេះកន្លងមក ដោយ ដៃគូបើកបរ បានចូលរួមយ៉ាងសកម្មទាំងក្នុងវគ្គបណ្តុះបណ្តាល និងការប្រឡងយកប័ណ្ណបើកបរ។
លោកបន្ថែមថា បន្ថែមពីការរៀនបើកបរដល់អ្នកបើកបរដែលបានសហការជាមួយ ក្រុមហ៊ុនGrab ក៏មានមេរៀននៅលើអែប ក៏ដូចជាក្រើនរំលឹកដល់អ្នកបើកបន្ថែម ដល់អ្នកបើក ជាភ្នាក់ងាសមាជិក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្តនេះ គឺជាការផ្តួចផ្តើមឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា) ឯ.ក ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បច្ចេកទេសបើកបរយានយន្ត និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រលងជាប់យកបណ្ណបើកបរម៉ូតូកង់បីឱ្យបានគ្រប់ៗគ្នា។
វគ្គបណ្តុះបណ្តាលនេះ មានចំនួន ១០វគ្គ និងមានអ្នកសិក្ខាកាមចូលរួមសរុបចំនួន ៨១១នាក់ ហើយបានរៀបចំប្រឡងយកបណ្ណបើកបរយានយន្តចំនួន ១១លើក ក្នុងនោះអ្នកចូលរួមប្រឡងទ្រឹស្តីសរុបចំនួន ៣៤៧នាក់(ប្រឡងឡើងវិញ១២៦នាក់) ជាប់១១៥នាក់ ស្មើនឹង៣៤% ធ្លាក់១៩៧នាក់ ស្នើនឹង៥៧% និងអវត្តមាន ២៩នាក់ ស្នើនឹង៩%។ អ្នកប្រឡងដៃចង្កូតសរុបចំនួន ១៣៧នាក់ (ប្រឡងឡើងវិញ ២២នាក់) ជាប់១០៧ ស្នើនឹង៧៨% ធ្លាក់ ៣០នាក់ ស្មើ២២%៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា