ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការងារចុះបញ្ជីដីបង្ហើយ គឺទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់កម្មសិទ្ធិស្របច្បាប់

(មណ្ឌលគិរី)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការងារចុះបញ្ជីដីបង្ហើយ គឺឲ្យប្រជាពលរដ្ឋទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់កម្មសិទ្ធិ​ស្រប​ច្បាប់ ។

នេះជាការលើកឡើងរបស់ឯកឧត្តឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញសំណេះ​សំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតនៅ​ភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអាជ្ញាធរពាក់ព័ន្ធ​ទាំងអស់ ដែលបានសហការគ្នាបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លា​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវការចេញបណ្ណសម្គាល់​ម្ចាស់អចលនវត្ថុជូននាពេលនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាន​នូវ​សុវត្ថិភាព​ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាស​គ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូល​ថវិកាជាតិផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការងារចាំបាច់បន្តទៀត សូមចូលរួមគិតគូររៀបចំប្លង់គោលសម្រាប់ខេត្ត ដោយរៀបចំដីសម្រាប់កសិកម្ម លំនៅឋាន សួនច្បារ ព្រំប្រទល់ភូមិ ជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងជៀសវាងបញ្ហាទៅមុខទៀត ។

សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋដែលទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះគឺស្ថិតនៅភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានចំនួន៩០០ប័ណ្ណ ដែលស្មើនឹង ៤៧៧គ្រួសារ  លើផ្ទៃដីសរុបទំហំប្រមាណជិត ៣ពាន់ហិកតា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner