Tesla បញ្ចេញឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង គ្មានដៃចង្កូត ឬឈ្នាន់ហ្គ៊ែរ តម្លៃចាប់ពី៣ម៉ឺនដុល្លារ
វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បញ្ចេញឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង ឬ Robotaxi ដែលមានទ្វារពីរ តែគ្មានដៃចង្កូត ឬឈ្នាន់ជាន់ហ្គ៊ែរ ក្នុងអំឡុងព្រឹត្តិការណ៍ដ៏រំជើបរំជួលមួយ កាលពីថ្ងៃទី១០ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។
មហាសេដ្ឋីបច្ចេកវិទ្យារូបនេះនិយាយថា ការផលិតឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯងនេះ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ជាមួយនឹងតម្លៃចាប់ពី ៣០,០០០ដុល្លារក្នុងមួយគ្រឿង។
លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា អនាគតឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង គឺនៅទីនេះ… យើងមានឡានប្រភេទនេះចំនួន៥០គ្រឿង… នៅទីនេះនៅយប់នេះ។ អ្នកនឹងឃើញឡានតាក់ស៊ីអគ្គិសនីម៉ូដែល Ys និង Cybercab ដែលមិនត្រូវការអ្នកបើកបរទាំងអស់នៅឆ្នាំ ២០២៦។
នៅក្នុងព្រឹត្តិការណ៍នេះដែរ លោក Musk ក៏បានបញ្ចេញឡានអគ្គិសនីបើកខ្លួនឯង មានទំហំធំជាងឡានទាំងពីរម៉ូដែល ដែលមានឈ្មោះថា Robovan អាចមានសមត្ថភាពផ្ទុកមនុស្សបានដល់ទៅ ២០នាក់ និងបានបង្ហាញមនុស្សយន្ត Optimus របស់ Tesla ផងដែរ៕
ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា