ក្នុងកិច្ចកំពូលប្រជុំអាស៊ាន រុស្ស៊ីចោទអាមេរិកថាបង្កការបំផ្លិចបំផ្លាញនៅអាស៊ី

បរទេស៖ នៅថ្ងៃសុក្រនេះ ក្នុងកិច្ចកំពូលប្រជុំអាស៊ាន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានហៅសកម្មភាពអាមេរិកនៅអាស៊ីថា ជាការធ្វើឲ្យខូចខាតធ្ងន់ធ្ងរ តាមរយៈជំរុញយោធាក្នុងតំបន់។

លោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកនៅពីក្រោយ «សកម្មភាពជំរុញយោធា» របស់ប្រទេសជប៉ុន និង ប៉ុនប៉ងបង្វែរប្រទេសផ្សេងទៀត ប្រឆាំងនឹងរុស្ស៊ី និងចិន នេះជាអ្វីដែលលោក Lavrov បានប្រាប់អ្នកយកព័ត៌មាន នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងប្រទេសឡាវ។

លោកបញ្ជាក់ថា «ចរិតបំផ្លិចបំផ្លាញនៃសកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងផ្នែក នៃពិភពលោកនេះ គឺឃើញជាក់ស្តែង»។ នៅពេលសួរអំពីសំណើរបស់ជប៉ុន សម្រាប់កតិកាសញ្ញាអាស៊ី បែប NATO លោក Lavrov បាននិយាយថា «គំនិតអំពីការបង្កើតប្លុកយោធា តែងតែមានហានិភ័យនៃការប្រឈមមុខដាក់គ្នា ដែលអាចកើនឡើង»។

លោក Lavrov ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ និងអូស្ត្រាលី បានព្យាយាមធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល «នយោបាយយ៉ាងស៊ីជម្រៅ» ដូច្នេះ «មិនអាចទទួលយកបាន»។

លោកបាននិយាយថា ប្រទេសលោកខាងលិចចង់កេងប្រវ័ញ្ចទំនាក់ទំនងរបស់ពួកគេ ជាមួយអាស៊ាន «ប្រឆាំងនឹងផលប្រយោជន៍ របស់រុស្ស៊ី និងចិន»។

យ៉ាណាមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោកមិនបានដឹងអ្វីថ្មីអំពីការនិយាយ របស់ពីលោក Lavrov នោះទេ នៅពេលពួកគេចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយគ្នា។ លោក Blinken បាននិយាយថា លោកមិនមានទំនាក់ទំនងដោយផ្ទាល់ នៅក្នុងការជួបគ្នាដ៏កម្របែបនេះ នៅឯកិច្ចប្រជុំកំពូល នៅប្រទេសឡាវ ប៉ុន្តែថា ពួកលោកមិនបានចាកចេញ ក្នុងអំឡុងពេលសុន្ទរកថាបិទទ្វារ រៀងៗខ្លួន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner