៩ខែ! វៀតណាមបានចំណូល៧ពាន់លានដុល្លារពីការនាំចេញជលផល

ហាណូយ៖ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ហៅកាត់ VASEP បានរាយការណ៍ថា ការនាំចេញជលផលរបស់វៀតណាម បានឈានដល់ ៧,១៦ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ កន្លងមកនេះ កើនឡើង ៨,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមកាសែត VNexpress ចុះផ្សាយថ្មីៗនេះ។

ប្រភពបន្តថា គ្រាន់តែក្នុងខែកញ្ញា ប្រទេសនេះរកចំណូលបាន ៨៦៦លានដុល្លារ ពីការនាំចេញជលផល។ បង្គា នៅតែជាទំនិញជលផល ផ្តល់ចំណូលច្រើនជាងគេ ដល់វៀតណាម មានតម្លៃប្រហែល ២.៨ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែមកនេះ ដែលកើនឡើង ១០.៥%។ ក្រៅពីនេះ ត្រីត្រា ក៏មានកំណើនគួរកត់សម្គាល់ គឺមានតម្លៃ ១.៤៦ពាន់លានដុល្លារអាមេរិក។ រីឯការនាំចេញត្រីធូណា បានធ្លាក់ចុះទំហំនាំចេញ ចាប់តាំងពីខែសីហាមក ដោយសារកង្វះខាតវត្ថុធាតុដើម ប៉ុន្តែ នៅតែកើនឡើងតម្លៃ ១៦% ដែលមានជាង ៧០០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា មកនេះ។ ក្រៅពីនេះ ក៏មានក្តាម ដែលផ្តល់ចំណូល ប្រមាណ២២៧លានដុល្លារផងដែរ។

VASEP ព្យាករណ៍ថា តម្លៃនាំចេញសរុបនៃផលិតផលនេសាទ ពេញមួយឆ្នាំ២០២៤ នឹងកើនឡើងដល់ ៩.៥ពាន់លានដុល្លារ មានកំណើន ៧% បើធៀបនឹងឆ្នាំ២០២៣។

អាមេរិក ចិន និងអឺរ៉ុប គឺជាទីផ្សារសំខាន់របស់ទំនិញជលផលវៀតណាម ដែលបង្កើនតម្រូវការ។ ក្រៅពីនេះ ក៏មានជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និង នូវែលហ្សេឡង់ ទៀតផង នេះបើតាមកាសែត VNepxress ដដែល៕

ប្រភពពី VNepxress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner